បច្ចេកវិទ្យា

ហ្វេសប៊ុក និង​អ៊ិនស្ដាហ្គ្រាម ជួបភាពរអាក់រអួលក្នុងថ្ងៃនេះ

ប្រសិនជាប្រិយមិត្តចង់បង្ហោះ ឬចែករំលែកអ្វីមួយ​មិនបាន​នៅលើ ហ្វេសប៊ុក និង​អ៊ិនស្ដាហ្គ្រាម នោះ វាមិនមែនជាកំហុសរបស់ប្រិយមិត្តទេ សម្រាប់ថ្ងៃអង្គារទី១២ ខែមិនា ឆ្នាំ២០១៩នេះ

នៅពេលជាមួយគ្នា ស្រាប់តែមានសារមួយឃ្លា ចេញមកនៅលើអេក្រង់ សរសេរក្នុងន័យថា «Oop, Something went wrong. We’re working on getting it fixed as soon as we can.»។

តែសារនេះត្រូវបានបង្ហាញឡើង ដោយហេតុថា គឺហ្វេសប៊ុក និងអ៊ិនស្តាហ្គ្រាម បណ្ដាញសង្គមយក្សទាំងពីរ របស់ពិភពលោក បានជួបភាពរអាក់រអួល ក្នុងថ្ងៃនេះ។

ភាពរអាក់រអួលត្រូវបានសង្កេតឃើញ ជាដំបូងថាបានកើតឡើង នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច ប៉ុន្តែនៅពេលនេះ បណ្ដាអ្នកប្រើប្រាស់ជាច្រើន នៅសហរដ្ឋអាមេរិក ប៉េរូ កូឡំប៊ី ម៉ិចសិក ក៏អះអាងថា កំពុងជួបពីបញ្ហាដូចគ្នានេះដែរ។

សារព័ត៌មានមួយចំនួន នៅអ៊ឺរ៉ុបខាងលិច បានរាយការណ៍ពីភាពរអាក់រអួល របស់បណ្ដាញសង្គមទាំងពីរ តែមិនបានពន្យល់ពីមូលហេតុ និងថាតើរហូតដល់ពេលណា ទើបបញ្ហានេះ ត្រូវបានដោះស្រាយនោះទេ។ ក្រុមហ៊ុនហ្វេសប៊ុក ដែលគ្រប់គ្រងលើបណ្ដាញសង្គមទាំងពីរ ក៏មិនទាន់ឃើញមានប្រតិកម្ម តបនឹងករណីខាងលើដែរ។

បណ្ដាញសង្គមយក្សមួយទៀត គឺទ្វីសធើរ (Twitter) ដែលនៅមានដំណើរការធម្មតា ត្រូវបានបណ្ដាជនយកមកប្រើប្រាស់ ដើម្បីប្រកាសសញ្ញា ពីភាពរអាក់រអួលរបស់ហ្វេសប៊ុក និងអ៊ិនស្តាហ្គ្រាម។ អ្នកខ្លះបានចំអក ឲ្យបណ្ដាញសង្គម​ទាំងពីរ​មុនថា៖

«នៅពេលដែល ហ្វេសប៊ុក និងអ៊ិនស្តាហ្គ្រាម លែងមានដំណើរការ នោះមនុស្សម្នានឹងត្រឡប់មកជជែក ឬទាក់ទងគ្នា ដោយផ្ទាល់មាត់វិញ»៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។