វិទ្យាសាស្ត្រ

យាន​«SpaceX»​បាន​ហោះ​ចេញ​​ពី​ផែនដី​ជាមួយ អាវកាសយានិក​២រូប

អាវកាសយានិក​២រូប លោក «Bob Behnken» និងលោក «Doug Hurley» បានហោះ​ចាកចេញពីផែនដី ជាមួយយានអាវកាស របស់ក្រុមហ៊ុន «SpaceX» កាលពី​ប៉ុន្មាន​នាទី​មុន។ យានមួយនេះ ជាកម្មសិទ្ធិ របស់ក្រុមហ៊ុនឯកជនដំបូងគេ ដែលទទួល​បេសកកម្ម ពី​ភ្នាក់ងារ «NASA»។

រូបភាពផ្សាយផ្ទាល់ របស់ភ្នាក់ងារ «NASA» ដែលត្រូវបាន បណ្ដាញទូរទស្សន៍នានា ក្នុង​ពិភពលោក ចាប់យកទៅផ្សាយបន្ត បានអះអាងថា ការហោះចេញ ពីមជ្ឈមណ្ឌល «Kennedy» ក្នុងរដ្ឋផ្លរីដា បានប្រព្រឹត្តិទៅ នៅវេលាម៉ោង ១៥ និង២២នាទី (ម៉ោងក្នុង​ស្រុក) ដោយរលូន និងគ្មានហេតុភេទអ្វី កើតឡើងគួរឲ្យកត់សម្គាល់ទេ។

រូបភាពនោះ បានទាំងអះអាងទៀតថា បន្ទាប់ពីហោះបាន២នាទី ចេញផុត ពីស្រទាប់​ផែនដី យានអាវកាស បានផ្ដាច់ខ្លួន (ជាន់ទីមួយ) ដោយជោគជ័យ និងដោយល្បឿន ៤០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ការផ្ដាច់ខ្លួនជាន់ទីពីរ នឹងត្រូវធ្វើឡើង ក្នុងពេលបន្ទាប់មក ដើម្បីទុកឲ្យតែក្បាលយាន «Crew Dragon» ដែលមាន​អាវកាសយានិក ទាំងពីរនាក់ ហោះទៅកាន់ស្ថានីយ​អាវកាស​អន្តរជាតិ «SSI» ដែលស្ថិត​នៅចំងាយពីផែនដី រវាងពី៣៣០ ទៅ៤២០គីឡូម៉ែត្រ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។

Tags: ISSNASAUSA