កីឡាផ្សេងទៀត

រំពេចនោះ… កីឡា​បាល់បោះ​ក្នុងទឹក ក្លាយ​ជា​ប្រដាល់​គុនចម្រុះ​​ MMA

រឿងរ៉ាវបានកើតឡើង ក្នុងការប្រកួត រវាងក្រុម «Moskvich» និងក្រុម «Kazan» នៅប្រទេសរ៉ុស្ស៊ី ក្នុងសប្ដាហ៍កន្លងមក៖ កីឡាបាល់បោះក្នុងទឹក «Water-polo» បានប្រែក្លាយភ្លាមៗ ទៅជាប្រដាល់គុនចម្រុះ «MMA»។

រឿងនេះកើតចេញដំបូងឡើយ ដោយជម្លោះពាក្យសំដី រវាងគ្រូបង្វឹករបស់ក្រុមមួយ និងកីឡាករម្នាក់ របស់ក្រុមមួយទៀត។ ជម្លោះពាក្យសំដីនេះ បញ្ចប់ទៅដោយការចោលបាល់ ពីសំណាក់កីឡាករម្នាក់នោះ ទៅលើស្ត្រីម្នាក់ ដែលត្រូវគ្រូបង្វឹក យកមករងជំនួសខ្លួន។

មិនបង្អង់យូរ និងបើទោះជាមានសម្លៀកបំពាក់ នៅជាប់ខ្លួនក៏ដោយ គ្រូបង្វឹកដែលរងមួយបាល់នោះ បានលោតចូលទៅក្នុងអាងទឹក ដោយដាក់ជើងទៅមុន សំដៅកីឡាករដែលបានឈ្លោះជាមួយខ្លួន។ ប្រតិកម្មរបស់គ្រូបង្វឹក បានបណ្ដាល ឲ្យកីឡាករផ្សេងទៀត ចូលរួមឈឺឆ្អាល ពង្រីកឈុតឆាកខាងលើ ឲ្យក្លាយជាទីលានប្រដាល់ដ៏ធំមួយ។

ជារឿងរ៉ាវ ដែលកើតឡើងនៅចំពោះមុខអាជ្ញាកណ្ដាល នៃការប្រកួតនោះ ហើយបើសូម្បីកីឡាករអាជីព នៃប្រដាល់គុនចម្រុះ «MMA» ក៏ប្រហែល​ជាមិនអាចរកឱកាស ដើម្បី​លោត​ទៅធាក់​គូប្រកួតរបស់ខ្លួន បានអស្ចារ្យដូច្នេះដែរ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។