បាល់ទាត់

រៀល បំបាក់ បាសា ក្នុង​ផ្ទះ​ខ្លួនឯង ដើម្បីដណ្ដើម​ចំណាត់ថ្នាក់​លេខ១

ក្រុម រៀល (Real Madrid – អេស្ប៉ាញ) ហៅអធិរាជអាវស បានបំបាក់ក្រុម បាសា (Fc Barcelone – អេស្ប៉ាញ) ក្នុងយប់ថ្ងៃអាទិត្យនេះ ដោយពិន្ទុ២-០ ហើយឡើងទៅអង្គុយ លើចំណាត់ថ្នាក់លេខ១ នៃក្របខណ្ឌបូកពិន្ទុ «La Liga» របស់ប្រទេសអេស្ប៉ាញ។

បើទោះជាក្រុម រៀល បានបើកការប្រកួត មានសភាពល្អប្រសើរជាក្រុម បាសា តែគឺក្រុមអ្នកមានបុណ្យទៅវិញទេ ដែលរកបានឱកាសជាច្រើន ក្នុងការទាត់បញ្ចូលទីក្រុម រៀល សម្រាប់ពាក់កណ្ដាលម៉ោងទី១។

ប៉ុន្តែ ក្នុងការប្រកួតនេះ ដែលប្រព្រឹត្តិទៅ នៅក្នុងកីឡដ្ឋាន «Bernarbéu» ដែលជាផ្ទះរបស់អធិរាជអាវស ក្រុម បាសា ដែលសម្បូរដោយកីឡាករល្បី របស់ពិភពលោក ពិបាករកទិសដៅ និងមិនបានទាត់បាល់ បញ្ចូលទីក្រុមគូប្រកួត ឲ្យមានប្រសិទ្ធិភាពទេ។

ដូចជាគ្រាប់បាល់ របស់កីឡាករ «Arthur»​ ដែលទទួលបានដាច់តែឯង ពីម្ចាស់ពានជើងឯកពិភពលោក កីឡាករ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) នៅនាទីទី៣៤ ត្រូវអ្នកចាំទីក្រុម រៀល កីឡាករ «Thibaut Courtois» ទះចេញយ៉ាងអស្ចារ្យ។

កីឡាករ «Thibaut Courtois» ដដែលក៏បានទប់ គ្រាប់បាល់មួយទៀត របស់ម្ចាស់បាល់មាស ៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានដែរ នៅនាទីទី៣៨។

នៅពាក់កណ្ដាលម៉ោងទី២ ដល់វេនក្រុមអធិរាជអាវសម្ដង ដែលបង្កើនការវាយលុក និងរកឱកាសទាត់បញ្ចូលទី បានជាច្រើនដង។ ហើយទីបំផុតទៅ ក្រុម រៀល រកគ្រាប់បាល់បានមែន ដំបូងនៅនាទីទី ៧១ ដោយខ្សែបម្រើស្លាបខាងឆ្វេង កីឡាករ «Vinicius Junior» និងនៅជិតចប់ការប្រកួត នៅនាទីទី ៩០+២ ដោយខ្សែប្រយុទ្ធ កីឡាករ «Mariano Diaz»។

ជ័យជំនះនេះ ធ្វើឲ្យក្រុម រៀលម៉ាឌ្រីត មានពិន្ទុ៥៦ លើសក្រុម បាសឺឡូន ដែលមានត្រឹមតែ ៥៥ ដែលជាឱកាសឲ្យក្រុម រៀល ឡើងមកកាន់ចំណាត់ថ្នាក់ទី១ ជាបណ្ដោះអាសន្នសិន សម្រាប់ក្របខណ្ឌបូកពិន្ទុ ប្រចាំឆ្នាំ «La Liga»។ យ៉ាងណា ចំណាត់ថ្នាក់នៅចុងបញ្ចប់ ដើម្បីក្លាយជាជើងឯក ប្រចាំឆ្នាំ២០១៩-២០២០ របស់ប្រទេសអេស្ប៉ាញ មិនអាចនរណា​ទាយដឹងបាន​នៅឡើយ ដោយហេតុថា ការប្រកួតវិលជុំ ក្នុងក្របខណ្ឌនេះ នៅសល់​១២ប្រកួត​ទៀ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។