បាល់ទាត់

Europa League ៖ «Villarreal»​លើកពាន ដោយបំបាក់«Man U»

ក្រុមបាល់ទាត​«Villarreal» នៃក្រុង«Vila-Real»ដ៏តូចមួយ ភាគខាងកើតប្រទេសអេស្ប៉ាញ បានលើកពាន​«Europa League» ជាលើក​ដំបូងរបស់ខ្លួន បន្ទាប់ពីបានបំបាក់ក្រុម«Manchester United» ដោយ​គ្រាប់បាល់​កាត់សេចក្ដី ១១-១០ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ​ដ៏ស្វិតស្វាញ​រវាងក្រុមទាំងពីរ ក្នុងយប់ថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២១នេះ នាកីឡដ្ឋាន«Energa» ដែលស្ថិតក្នុងភាគខាងជើង នៃប្រទេស​ប៉ូឡូញ។

ក្នុងការប្រកួត៩០នាទីដំបូង ក្រុមបាល់ទាត់ទាំងសងខាង រកបាន១គ្រាប់ស្មើគ្នា ដោយកីឡាករ«Gerard Moreno» របស់ក្រុម«Villarreal» បានទាត់បញ្ចូលទី នៅនាទីទី២៩ មុននឹងកីឡាករ«Edinson Cavani» របស់ក្រុម«Man U» រកគ្រាប់បាល់​បានស្មើមកវិញ នៅនាទីទី៥៥។

បន្ទាប់មក ក្រុមទាំងពីរបានទាត់បន្ថែមម៉ោង ចំនួន៣០នាទីទៀត (១៥+១៥) តែរកមិនបានគ្រាប់បាល់បន្ថែមទេ និង​តម្រូវឲ្យទាត់បាល់​កាត់សេចក្ដី នៅទីបញ្ចប់ដើម្បីកំណត់​រកអ្នកឈ្នះ (និងអ្នកចាញ់)។ ជាអកុសល​​សម្រាប់ក្រុមមែនយូ គ្រាប់បាល់​របស់កីឡាករ​ចាំទី «David De Gea» របស់ក្រុមបីសាចក្រហម​​អង់គ្លេស ត្រូវបាន​ទះចេញ ដោយកីឡាករ​ចាំទី «Geronimo Rulli» របស់ក្រុម«Villarreal»។

ជ័យជំនះរបស់ក្រុម«Villarreal» បានធ្វើឲ្យគ្រូបង្វឹករបស់ក្រុម លោក​«Unai Emery» លើកពាន​«Europa League»​បានដល់ទៅបួនលើក ដែលមកដល់ថ្ងៃនេះ មិនទាន់មានគ្រូបង្វឹកណាម្នាក់ មានលទ្ធភាពដូច្នេះ​នៅឡើយ។ ក្នុងពេលកន្លងមក លោក​«Unai Emery» បានលើកពាន«Europa League»ជាមួយនឹងក្រុម​«Seville FC-អេស្ប៉ាញ»​បីលើក​ជាប់ៗគ្នា (ឆ្នាំ២០១៤ – ២០១៥ និងឆ្នាំ២០១៦)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។