អតីតខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុមកាំភ្លើងធំ លោក ទីជែរី ហង់រី (Thierry Henry) ដែលបានប្រែក្លាយអាជីព ជា«គ្រូបង្វឹកបីខែ»លើកដំបូង ជាមួយក្រុម ម៉ូណាកូ (AS Monaco – បារាំង) កាលពី៣ខែមុន បានប្រកាសចាកចេញ ពីក្រុមបាល់ទាត់មួយនេះហើយ នៅយប់ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ។
ដំណឹងខាងលើ កើតឡើងមួយថ្ងៃ ក្រោយការសម្រេចរបស់ក្រុម ម៉ូណាកូ ដែលបានព្យួរតួនាទី របស់គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះ ចេញពីការបង្វឹក កាលពីម្សិលម៉ិញ។
តាំងពីបានមកធ្វើជាគ្រូបង្វឹក ឲ្យក្រុមម៉ូណាកូ លោក ទីជែរី ហង់រី មិនបានធ្វើឲ្យក្រុម មានភាពប្រសើរឡើង នៅក្នុងចំណាត់ថ្នាក់ នៃក្របខណ្ឌបូកពិន្ទុ «Ligue 1» នោះទេ។ មកដល់ថ្ងៃនេះ ក្រុម ម៉ូណាកូ ដែលធ្លាប់ឈ្នះជាជើងឯក ឆ្នាំ២០១៦ នៃប្រទេសបារាំង ទទួលបានចំណាត់ថ្នាក់ ត្រឹមតែលេខ១៩ ប៉ុណ្ណោះ ពីក្នុងចំណោម ២០ក្រុម។
មិនត្រឹមតែប៉ុណ្ណឹង ក្រុមម៉ូណាកូ បានប្រកួតចាញ់យ៉ាងអាម៉ាស ក្រុម ស្ត្រាស្បួរ៍ (Strasbourg – បារាំង) ក្នុងពិន្ទុ ១៥ និងក្រុម ម៉េស្ស៍ (Metz – បារាំង) ដោយពិន្ទុ ១ ៣ នៅក្នុងផ្ទះខ្លួនឯង កាលពីប៉ុន្មានថ្ងៃមុន ខណៈក្រុមទាំងពីរ ត្រូវគេស្គាល់ពីមុនមកថា ធ្លាប់ជាក្រុមអន់ៗ។
យ៉ាងណាក៏ដោយ «គ្រូបង្វឹកបីខែ»រូបនេះ បានប្រកាសចេញចេញពីក្រុម ជាមួយនឹងការអះអាង ពីភាពក្ដុកក្ដួលរបស់ខ្លួន និងសំដែងសមានចិត្ត ចំពោះបណ្ដាមេដឹកនាំក្រុម ម៉ូណាកូ ក៏ដូចជាចំពោះ ក្រុមកីឡាករទាំងអស់។
លោក ហង់រី បានសង្ឃឹមថា គ្រូបង្វឹកក្រោយរបស់ក្រុម នឹងជួយក្រុមឲ្យងើបផុត ពីចំណាត់ថ្នាក់ដ៏អាក្រក់ ដែលអាចឲ្យក្រុមធ្លាក់ ទៅក្នុងក្របខណ្ឌបូកពិន្ទុ «Ligue 2» ដែលខ្សោយជាង «Ligue 1»។ ប៉ុន្តែគ្រូបង្វឹកក្រោយនេះ ក៏ជាគ្រូបង្វឹក មុនការមកដល់របស់លោក ហង់រី នោះដែរ៖ គឺលោក ឡេអូណាដូ ចារឌីម (Leonardo Jardim)៕