បាល់ទាត់

គ្មាន​ព្រឹត្តិការណ៍​«បាល់មាស»​ទេ ក្នុងឆ្នាំ​២០២០នេះ ព្រោះ​«Covid-19»

ក្នុងឆ្នាំ​២០២០នេះ ព្រឹត្តិការណ៍«បាល់មាស» នឹងមិនប្រព្រឹត្តិទៅ ដូច​រៀងរាល់ឆ្នាំ​កន្លង​មក​ទេ ក្រោមហេតុផល បណ្ដាលពីវិបត្តិជំងឺរាតត្បាត «Covid-19»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សហគ្រាស ទស្សនាវដ្ដី «France Football» របស់ប្រទេសបារាំង កាលពីម្សិលម៉ិញ។

លោក «Pascal Ferré» នាយកការផ្សាយរបស់ទស្សនាវដ្ដី បានអះអាងថា ឆ្នាំ២០២០នេះ ជាឆ្នាំខុសពីធម្មតា ដែលគេមិនអាចចាត់ទុក ជាឆ្នាំសម្រាប់ព្រឹត្តិការណ៍ «បាល់មាស» ដ៏​រីករាយ សម្រាប់វិស័យបាល់ទាត់​នោះទេ។

លោកបន្តថា ក្រោមការរួមរឹតពីជំងឺរាតត្បាត វិស័យកីឡានៅលើពិភពលោក ត្រូវបាន​ផ្អាកសកម្មភាព ក្នុងរយៈពេលជាច្រើនខែ ហើយបើសិនជា​ព្រឹត្តិការណ៍ «បាល់មាស» នៅតែប្រព្រឹត្តិទៅ គេនឹងមិនមានពេលគ្រប់គ្រាន់ ដើម្បីធ្វើការវិនិច្ឆ័យ ទៅលើបេក្ខភាព​នានា ឲ្យបានត្រឹមត្រូវនោះទេ។

នាយកការផ្សាយរបស់ «France Football» បានបន្តថា៖

«ការសម្រេចចិត្តនេះ មិនបានធ្វើឲ្យយើងរីករាយទេ តែវាមានបំណង ក្នុងការការពារ គុណសម្បត្តិ និងមូលដ្ឋាន​គតិយុត្តិ នៃពានរង្វាន់ដ៏ថ្លៃថ្លាមួយនេះ។»

ទោះចង់មិនចង់ ក៏ការសម្រេច របស់ស្ថាប័នម្ចាស់ព្រឹត្តិការណ៍ បានបង្កការខកចិត្ត​មិន​តិចទេ សម្រាប់​កីឡាករ​ល្បីៗ​ជាច្រើន​នាក់ ដែលបានបង្ហាញ​ថ្វីជើង​យ៉ាងអស្ចារ្យ នៅដើម​រដូវកាល ឆ្នាំ២០១៩-២០២០។

សម្រាប់ក្រុមបាសឺឡូន (FC Barcelona) របស់ប្រទេសអេស្ប៉ាញវិញ បានប្រតិកម្ម​តប​នឹងការសម្រេចចិត្ត​ខាងលើ ដោយប្រើពាក្យកំប្លែងលេង អមនឹងរូបថតរបស់កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលឈរថត ជាមួយនឹងបាល់មាស៦ជំនាន់របស់ខ្លួន ដូច្នេះថា៖

«យើងយល់ហើយ។ យ៉ាងណាក្ដី នរណាៗក៏ដឹងដែរថា តើកីឡាករណាមួយ ដែលទទួល​បាន​ពានរង្វាន់មួយនេះ ច្រើនជាងគេ៕»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។