បាល់ទាត់

បាល់ទាត់ពិភពលោក៖ ស៊ុយអែត​បំបាក់​អង់គ្លេស យក​«ចំណាត់ថ្នាក់​ទី៣»

ក្រមបាល់ទាត់ស្ត្រីជម្រើសជាតិ នៃប្រទេសស៊ុយអែត បានដណ្ដើមបាន«ចំណាត់ថ្នាក់​ទី៣» ត្រូវនឹងមេដាយស្ពាន់ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកស្ត្រី ឆ្នាំ២០១៩នេះ ដែលកំពុងប្រព្រឹត្តិទៅ ក្នុងប្រទេសបារាំង។

ជាចំណាត់ថ្នាក់ទី៣ លើកទី៤ របស់ក្រុមស៊ុយអែដ បន្ទាប់ពីក្រុមនេះ បានប្រកួតយកឈ្នះក្រុមតោបី របស់ប្រទេសអង់គ្លេស ក្នុងពិន្ទុ ២-១ កាលពីប៉ុន្មាននាទីមុន នាកីឡដ្ឋាននៃក្រុង នីស (Nice – ភាគខាងត្បូង)។

គ្រាប់បាល់ទាំងពីរ របស់ក្រុមកីឡាការិនីស៊ុយអែត រកបានដោយកីឡាការិនី «Asllani» នៅនាទីទី១១ និងបន្ទាប់មក នៅនាទីទី២២ ដោយកីឡាការិនី «Jakobsson»។ ប៉ុន្តែបើទោះជាត្រូវបាននាំមុខ ដល់ទៅពីរគ្រាប់ដូច្នេះក្ដី ក្រុមជម្រើសជាតិអង់គ្លេស មិនបានបន្ថយជើងទេ រហូតរកបានមួយគ្រាប់មកវិញ នៅនាទីទី៣១ ដោយកីឡាករ «Kirby»។

ចូលមកដល់​ពាក់កណ្ដាលម៉ោងទី២ ក្រុមបាល់ទាត់ស្ត្រី ទាំងសងខាង បានប្ដូរយុទ្ធសាស្ត្រលេង ដោយក្រុមស៊ុយអែត បានបង្កើនការការពារ ខណៈក្រុមអង់គ្លេស បានបង្កើនការវាយលុក។ ប៉ុន្តែក្រុមតោបី រកគ្រាប់បាល់ ត្រឡប់មកវិញមិនបានសោះ ដែលធ្វើឲ្យលទ្ធផល នៅទីបញ្ចប់ បានផ្តល់ជ័យជំនះ ទៅលើក្រុមស៊ុយអែត។

សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ នឹងត្រូវប្រព្រឹត្តទៅ នៅយប់ថ្ងៃអាទិត្យស្អែក ក្នុងកីឡដ្ឋានក្រុងលីយ៉ុង រវាងក្រុមអាមេរិក និងក្រុមហូឡង់។ អ្នកចាញ់ នឹងទទួលបានមេដាយប្រាក់ ដែលត្រូវនឹងចំណាត់ថ្នាក់ លេខ២។ រីឯអ្នកឈ្នះ នឹងទទួលបានមេដាយមាស រួមនឹងពានរង្វាន់ «បាល់ទាត់ពិភពលោក» មួយផង៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។