បាល់ទាត់

[ផ្លូវការ] ក្រុមបាសា តែងតាំង រ៉ូណល កូម៉ាន់ ជាគ្រូបង្វឹក

ក្រុមបាសឺឡូន (FC Barcelone – អេស្ប៉ាញ) បានប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃពុធនេះ តែងតាំងលោក រ៉ូណល កូម៉ាន់ (Ronald Koeman) ជាគ្រូបង្វឹករបស់ក្រុម​បាល់ទាត់​អាជីព​ជួរមុខរបស់ខ្លួន។

ការប្រកាសនេះ ធ្វើឡើងពីរថ្ងៃ បន្ទាប់ពីក្រុមអ្នកមានបុណ្យ របស់ប្រទេសអេស្ប៉ាញ បានបញ្ឈប់លោក «Quique Setién» ដែលជាគ្រូបង្វឹកមុន ចេញពីតំណែង កាលពីថ្ងៃចន្ទ​ទី១៧ ខែសីហា ឆ្នាំ២០២០។

លោក រ៉ូណល កូម៉ាន់ ជនជាតិហូឡង់ អាយុ៥៧ឆ្នាំ ធ្លាប់ជាកីឡាកររបស់ក្រុម បាសឺឡូន រវាងពីឆ្នាំ១៩៨៩ មកទល់នឹងឆ្នាំ១៩៩៥។ មុននឹងក្លាយជាគ្រូបង្វឹក របស់ក្រុម​អ្នកមាន​បុណ្យ លោក កូម៉ាន់ គឺជាគ្រូបង្វឹក ​របស់ក្រុមជម្រើសជាតិហូឡង់។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុម បាសា បានឲ្យដឹងថា លោក កូម៉ាន់ បានចុះហត្ថលេខាធ្វើជាគ្រូបង្វឹក របស់ក្រុម សម្រាប់រយៈពេល២ឆ្នាំ (រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២)។

ក្រុមបាសា នឹងធ្វើសន្និសីទកាសែត បង្ហាញរូបលោក ក្នុងល្ងាចថ្ងៃពុធនេះ ចាប់ពីម៉ោង​១៨:០០​តទៅ (ម៉ោងក្នុងប្រទេសអេស្ប៉ាញ)។

ការផ្លាស់ប្ដូរគ្រូបង្វឹក មកដឹកនាំក្រុមបាល់ទាត់ របស់ក្រុម បាសឺឡូន ធ្វើឡើងក្នុង​ក្របខណ្ឌ​​កែទម្រង់ ដ៏ទូលំទូលាយមួយ បន្ទាប់ពីក្រុមនេះ បានទទួលមេរៀន​យ៉ាងចាស់ដៃ ពីសំណាក់​ក្រុម បាយឺន (Bayern Munich – អាល្លឺម៉ង់)។ ក្នុងការប្រកួត​វគ្គ ១/៤ ក្របខណ្ឌដណ្ដើម​ជើងឯក​អ៊ឺរ៉ុប «Champions League» កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមជើងឯកអាល្លឺំម៉ង់ បានលត់ក្រុមអ្នកមានបុណ្យ ដោយ​គ្រាប់បាល់ ៨គ្រាប់ ទល់នឹង​២គ្រាប់។

ក្រៅពីតំណែងគ្រូបង្វឹក ក្រុមបាសានៅបានប្ដូរ​មេដឹកនាំ​ម្នាក់ទៀត៖ លោក «Ramon Planes» ត្រូវបានតែងតាំង សម្រាប់តំណែងជា​«លេខាបច្ចេកទេស» ជំនួសលោក «Éric Abidal» ដែលបានប្រកាសលាឈប់ កាលពីម្សិលម៉ិញ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។