សម្រាប់ក្រុមជម្រើសជាតិ កំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ កីឡាករ គ្រីស្យ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានក្លាយជាកីឡាករ ដែលរកគ្រាប់បាល់បាន១០៩គ្រាប់ ស្មើកីឡាករ«Ali Daei» អតីតខ្សែប្រយុទ្ធជាតិអៀរ៉ង់ ដែលមុនមកដល់ថ្ងៃនេះ ជាកីឡាករដែលរកគ្រាប់បាល់ បានច្រើនជាងគេ ក្នុងប្រវត្តិក្រុមបាល់ទាត់ជម្រើសជាតិនានា នៅក្នុងពិភពលោក។
គ្រាប់បាល់ទី១០៨ និងទី១០៩ ត្រូវបានកីឡាករ រ៉ូណាល់ដូ អាយុ៣៦ឆ្នាំ រកបាល់ក្នុងយប់ថ្ងៃពុធ ទី២៣ ខែមិថុនានេះ ពីក្នុងការប្រកួត វគ្គជម្រុះក្នុងពូល«F» រវាងក្រុមព័រទុយហ្គាល់ និងក្រុមមាន់គកបារាំង ដែលទទួលលទ្ធផល នៅទីបំផុតដោយគ្រាប់បាល់ ២-២។
លទ្ធផលស្មើខាងលើ អនុញ្ញាតឲ្យក្រុមទាំងពីរ (បារាំងជាប់លេខ១ ខណៈព័រទុយហ្គាល់ជាប់លេខ២ នៅក្នុងក្រុម) ទទួលបានសំបុត្រ ឡើងទៅទាត់នៅវគ្គ១/៨ (ឬវគ្គ១៦ក្រុម) ជាបន្តទៀត។
ចាប់ពីពេលនេះ ប្រសិនជាកំពូលខ្សែប្រយុទ្ធ ម្ចាស់បាល់មាស៥ជំនាន់ រកបានត្រឹមតែ១គ្រាប់បន្ថែមទៀត នៅក្នុងការប្រកួតខាងមុខ កីឡាកររូបនេះ នឹងក្លាយជាកីឡាករទាត់បាល់បញ្ចូលទី បានច្រើនជាងគេបំផុត ក្នុងប្រវត្តិបាល់ទាត់ពិភពលោក (ក្របខណ្ឌក្រុមជម្រើសជាតិ)។
គ្រាន់តែនៅក្នុងព្រឹត្តិការណ៍ «Euro Cup 2020» ឆ្នាំ២០២១នេះ កីឡាករ រ៉ូណាល់ដូ បានទាត់បញ្ចូលទី បាន៥គ្រាប់ (១៤គ្រាប់ បើរាប់តាំងពីប្រកួតជម្រុះតាមតំបន់) ដែលជាគ្រាប់បាល់ច្រើនជាងគេបង្អស់ សម្រាប់ក្រុមជម្រើសជាតិ ។
ខាងក្រោមនេះ ជាឈ្មោះកីឡាករ ទាំង១០ និងតួលេខគ្រាប់បាល់ ដែលពួកគេររកបានច្រើនជាងគេ ពីក្នុងការប្រកួតក្របខណ្ឌក្រុមជម្រើសជាតិ៖