បន្ទាប់ពីអវត្តមាន តាំងពីចុងខែវិច្ឆិកា ដោយសាររងរបួសនោះមក ខ្សែប្រយុទ្ធជាតិអាហ្សង់ទីន របស់ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) កីឡាករ ម៉ូរូ អ៊ីកាឌី (Mauro Icardi) កំពុងវិលត្រឡប់មកលើទីលានប្រកួតវិញ ដោយត្រូវចេញទាត់ ក្នុងការប្រកួតជាមួយក្រុម ប្រេស្ដិ៍ (Brest – បារាំង) យប់ថ្ងៃសៅរ៍ទី៩ ខែមករានេះ។
អាចជាដំណឹងល្អ សម្រាប់លោក ម៉ូរីស៊ីយ៉ូ ប៉ូឆេតទីណូ (Mauricio Pochettino) គ្រូបង្វឹកថ្មីរបស់ក្រុមយក្សបារាំងមួយនេះ ព្រោះមិនមែនត្រឹមតែកីឡាករខាងលើទេ នៅមានខ្សែការពារស្លាបសងខាងទាំងពីរ កីឡាករ «Layvin Kurzawa» និងកីឡាករ «Alessandro Florenzi» ក៏បានវិលត្រឡប់ មកក្នុងការប្រកួតវិញដែរ។
ក្រុមកីឡាករដែលវិលត្រឡប់ មកក្នុងការប្រកួតវិញ ត្រូវបូកបន្ថែម កំពូលខ្សែរប្រយុទ្ធផ្សេងទៀត ដែលមិនបានរងរបួស ដូចជាកីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappe) អង់ហែល ឌីម៉ារីយ៉ា (Angel Di-maria) និង មូស គីន (Moise Kean) ជាដើម។
ដោយឡែក កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar) បានជាសះពីរបួសរួចរាល់ តែនៅមិនទាន់អាចចេញប្រកួត បាននៅឡើយ ដោយទំនងត្រូវរងចាំ នៅសប្ដាហ៍ក្រោយ។
ក្រុមប៉ារីស នៅមានកីឡាកររបួសជាច្រើនទៀត ដែលមួយចំនួនបានជាសះ តែនៅមិនទាន់អាចចូលប្រកួត (កីឡាករខ្សែការពារ «Presnel Kimpembe») និងមួយចំនួនទៀត ត្រូវរងចាំឲ្យរបួសរបស់ខ្លួន ជាសះជ្រះស្រឡះ (កីឡាករខ្សែបម្រើ «Danilo Pereira» «Leandro Paredes» «Rafinha» និងកីឡាករខ្សែការពារស្លាប «Bernat»)៕