បាល់ទាត់

[ផ្លូវការ] ក្រុមអ្នកមានបុណ្យ បញ្ឈប់គ្រូបង្វឹក «Setién»

ប៉ុន្មានថ្ងៃក្រោយការបាក់មុខ នៅក្នុងក្របខណ្ឌ «Champions League» ក្រុមបាសឺឡូន (FC Barcelone – អេស្ប៉ាញ) បានបញ្ឈប់គ្រូបង្វឹក «Quique Setién» នៅល្ងាច​ថ្ងៃចន្ទ​ទី១៧ ខែសីហានេះ ជាផ្លូវការហើយ។ នេះ បើតាមកសេចក្ដីប្រកាសព័ត៌មាន របស់​ក្រុម​អ្នកមានបុណ្យ ដែលធ្លាក់មកដល់ដៃ​អ្នកសារព័ត៌មាន នៅប៉ុន្មាននាទីមុន។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖

«បន្ទាប់ពីជួបប្រជុំ ក្នុងថ្ងៃចន្ទនេះ គណៈអភិបាលក្រុមបាសឺឡូន បានប្រកាសថា លោក “Quique Setién” លែងជាគ្រូបង្វឹក របស់ក្រុមបាល់ទាត់អាជីព ទៀតហើយ។ វាជា​ការសម្រេច​​មួយ ដែលធ្វើឡើងដំបូងបង្អស់ ពីក្នុងគម្រោង​ធ្វើកំណែទម្រង់ ដ៏ទូលំទូលាយ សម្រាប់​ក្រុម​បាល់ទាត់​អាជីព។»

កាលពីយប់ថ្ងៃសុក្រនេះ ក្រុមបាសឺឡូន បានទទួលមេរៀន យ៉ាងចាស់ដៃ ពីសំណាក់​ក្រុម បាយឺន (Bayern Munich – អាល្លឺម៉ង់) ដែលបានបំបាក់ក្រុមអ្នកមានបុណ្យ ដោយ​គ្រាប់បាល់ ៨គ្រាប់ ទល់នឹង២គ្រាប់ ក្នុង​ការប្រកួត​វគ្គ ១/៤ ក្របខណ្ឌដណ្ដើម​ជើងឯក​អ៊ឺរ៉ុប «Champions League»។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រុមបាសឺឡូនបានបន្តទៀតថា៖

«គ្រូបង្វឹកថ្មី នឹងត្រូវបង្ហាញជូន នៅក្នុងថ្ងៃខាងមុខ។»

លោក «Quique Setién» ទើបចូលមកបង្វឹកក្រុមបាសឺឡូន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះប៉ុណ្ណោះ បន្ទាប់ពីក្រុមនេះ​បានបញ្ឈប់គ្រូបង្វឹកមុន ក្នុងស្ថានភាព​«ទាន់ហន់»​ប្រហាក់ប្រហែលគ្នា។

តាំងពីពេលនោះមក លោក «Quique Setién» បានដឹកនាំក្រុមឲ្យចេញប្រកួត បាន​២៥ប្រកួត ក្នុងនោះ ក្របខណ្ឌ «La Liga» បាន១៩ប្រកួត ក្របខណ្ឌ «King Coup» បាន៣ប្រកួត និងក្របខណ្ឌ «Champions League» បាន៣ប្រកួត។

ក្នុងរយៈពេល៨ខែកន្លងមកនេះ លោក «Quique Setién» មិនបានដឹកនាំក្រុម បាសឺឡូន ឲ្យបានឈ្នះពាន់រង្វាន់ណាមួយទេ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។