បាល់ទាត់

ណីម៉ា ទើបចេញ​ប្រកួត​លើក​ដំបូង និង​បាននាំ​ជ័យជំនះ​ឲ្យ​ក្រុម​ប៉ារីស

ទើបចេញ​ប្រកួត​លើក​ដំបូង សម្រាប់រដូវកាលថ្មី ក្នុងនាមជាកីឡាករ របស់ក្រុមប៉ារីស (Paris Saint Germain) កំពូលខ្សែប្រយុទ្ធ កីឡាករ ណីម៉ា (Neymar Jr) បានជួយឲ្យក្រុមនេះ យកឈ្នះលើក្រុម ស្ត្រាស្បួរ៍ (RC Strasbourg) យ៉ាងប្រផិតប្រផើយ ក្នុងការប្រកួតជុំទី៥ ក្របខណ្ឌបូកពិន្ទុ «Ligue 1» របស់បារាំង។

ជាការចេញប្រកួតលើកដំបូង ក្នុងស្ថានភាពយ៉ាងពិបាក ដោយហេតុថា កីឡាករជាតិប្រេស៊ីល​រូបនេះ បានទទួលបរាជ័យ ក្នុងការប៉ុនប៉ងត្រឡប់ទៅក្រុមបាសឺឡូន (Barcelone FC) និងរងការរិះគន់មិនតិចទេ ពីសំណាក់អ្នកគាំទ្រក្រុមប៉ារីស។

មុននឹងចាប់ផ្ដើមប្រកួត ទល់នឹងក្រុមស្ត្រាស្បួរ៍ ក្នុងល្ងាចថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ទី២០១៩នេះ កីឡាករ ណីម៉ា ថែមទាំងបានទទួលរង នូវ«ការហួចចំអក» ពេញទាំងកីឡដ្ឋាន «Parc des Princes» នៃរដ្ឋធានីប៉ារីស នោះថែមទៀតផង។

តែនៅទីបំផុត គឺខ្សែប្រយុទ្ធរូបនេះទៅវិញទេ ដែលរកគ្រាប់បាល់ឲ្យក្រុម បានឈ្នះលើក្រុមស្ត្រាស្បួរិ៍ ដោយប្រើកាយវិការទាត់ត្រឡប់ក្រោយ (មើលក្នុងវីដេអូ) បន្ទាប់ពីទទួលបាល់ពីស្លាបខាងឆ្វេង នៅនាទីទី ៩០+២ ជិតចុងបញ្ចប់នៃការប្រកួត។

ជ័យជំនះនេះ បានផ្ដល់៣ពិន្ទុ សម្រាប់ក្រុមប៉ារីស នៅឈរលើគេបង្អស់ (១២ពិន្ទុ) ក្នុងចំណាត់ថ្នាក់បណ្ដោះអាសន្ននៃក្របខណ្ឌ «Ligue 1» ផ្ទុយស្រឡះ​ពីក្រុមស្ត្រាស្បួរិ៍ ដែលឈរនៅលេខ១៨ ជិតបាតតារាង (ទទួលបានតែ៣ពិន្ទុ សម្រាប់ការប្រកួត៥ជុំ កន្លងមកនេះ)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។