បាល់ទាត់ពិភពលោក ឆ្នាំ២០១៩៖ ម្ចាស់ពានអ៊ឺរ៉ុបឆ្នាំ២០១៧ ក្រុមកីឡាការនីបាល់ទាត់ នៃប្រទេសហូឡង់ បានប្រកួតឈ្នះក្រុមស៊ុយអែត នៅក្នុងការប្រកួតបន្ថែមម៉ោង (១-០) ដើម្បីដណ្ដើមយកសំបុត្រចុងក្រោយ ឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមបាល់ទាត់អាមេរិក ដែលជាម្ចាស់ពាន់ពិភពលោក ឆ្នាំ២០១៥។
គឺខ្សែបម្រើហូឡង់ កីឡាការិនី «Jackie Groenen» ដែលបានទាត់បញ្ជូនបាល់ ពីចម្ងាយជាង២០ម៉ែត្រ បញ្ចុលទីស៊ុយអែត នៅនាទីទី៩០+៩ ក្នុងការបន្ថែមម៉ោងទីមួយ។
តាំងពីនាទីដំបូងមក ក្រុមកីឡាការិនីស៊ុយអែត បានព្យាយាមវាយលុក និងមានឱកាសទាត់បញ្ចូលទី បានជាច្រើនដង តែកង្វះប្រសិទ្ធិភាព និងនៅចំពោះថ្វីដៃចាប់បាល់ របសកីឡាការិនីចាំទីរបស់ក្រុម ហូឡង់ ក្រុមស៊ុយអែដមិនអាចរកគ្រាប់បាល់ ដើម្បីអាចមកតថ្លៃ ក្នុងក្ដីសង្ឃឹមឡើងទៅផ្ដាច់ព្រ័ត្រនោះឡើយ។
ហើយទីបំផុត ក្រុមហូឡង់បានឈ្នះការប្រកួត និងឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមអាមេរិក ដែលនឹងប្រព្រឹត្តិទៅ ក្នុងកីឡដ្ឋានក្រុងលីយ៉ុង (ភាគខាងត្បូងប្រទេសបារាំង) នៅថ្ងៃអាទិត្យទី៧ ខែកក្កដាខាងមុខ វេលាម៉ោង២១ (ម៉ោងក្នុងប្រទេសបារាំង)។
ដោយឡែក ក្រុមស៊ុយអែតនឹងត្រូវជួប ជាមួយក្រុមអង់គ្លេស ក្នុងកីឡដ្ឋានក្រុង នីស (ភាគខាងត្បូងដូចគ្នា) នៅថ្ងៃសៅរ៍មួយថ្ងៃមុន វេលាម៉ោង២១ ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ៣៕