បាល់ទាត់

គីលីយ៉ាន អ៊ឹមបាប៉េ ឈ្នះពាន កូប៉ា ឆ្នាំ២០១៨

នៅក្នុងពិធីប្រគល់ពានរង្វាន់បាល់មាស កាលពីយប់ម៉ិញ ក្នុងវិមាន«ធំ» កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កំពូលខ្សែប្រយុទ្ធល្បឿនរន្ទះ កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) មិនបានឈ្នះ ជាម្ចាស់«បាល់មាស»ប្រចាំឆ្នាំទេ ដោយទទួលបានចំណាត់ថ្នាក់ ត្រឹមតែលេខ៤ប៉ុណ្ណោះ។ តែផ្ទុយទៅវិញ កីឡាករវ័យ១៩ឆ្នាំរូបនេះ ត្រូវបានជ្រើសតាំង ជាកំពូលកីឡាករវ័យក្មេង ដែលមានទេពកោសល្យជាងគេ សម្រាប់ឆ្នាំ២០១៨ ឬហៅថា ពានរង្វាន់ «កូប៉ា (Kopa)»។

ពានរង្វាន់ «កូប៉ា» ឬហៅពេញ រ៉េម៉ុង កូប៉ា (Raymond Kopa) ទើបត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៨នេះ ដើម្បីអមក្នុងពិធីប្រគល់ពានរង្វាន់ «បាល់មាស»។ តែពាន «កូប៉ា» សម្រាប់ប្រគល់ជូន ទៅដល់កំពូលកីឡាករណា ដែលមានវ័យក្មេង ក្រោម២១ឆ្នាំប៉ុណ្ណោះ។

កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ ដែលជាខ្សែប្រយុទ្ធ របស់ក្រុមប៉ារីស (Paris Saint-Germain) បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិទៅ ក្នុងប្រទេសរ៉ុស្ស៊ី កាលពីប៉ុន្មានខែមុន។ នៅក្នុងព្រឹត្តិការណ៍នោះ កីឡាកររកបានគ្រាប់បាល់ បួនគ្រាប់ ដោយមួយគ្រាប់ ត្រូវបានកីឡាកររកបាន នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមក្រូអាស៊ី។

កីឡាករវ័យក្មេង ត្រូវបានជ្រើសរើស ឲ្យឈ្នះពានរង្វាន់នេះ ដោយការបោះឆ្នោត ទទួលការស្រឡាញ់ចូលចិត្ត ពីសំណាក់អតីតកំពូលកីឡាករ ចំនួន៣៣នាក់ ដែលសុទ្ធសឹងធ្លាប់ជាម្ចាស់បាល់មាស់ និងដែលនៅមានជីវិត ក្នុងនោះមានដូចជា លោក «Franz Beckenbauer» «Michel Platini» «Jean-Pierre Papin» «Marco Van Basten» និងលោក «Zinédine Zidane» ជាដើម៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។