បាល់ទាត់

ហាមលេង៥ប្រកួត​និងពិន័យ៤ម៉ឺនអ៊ឺរ៉ូ ព្រោះស្ដោះ​ទឹកមាត់​ដាក់គូប្រកួត

ព្រោះស្ដោះ​ទឹកមាត់​ដាក់គូប្រកួត កាលពីបីថ្ងៃមុន ខ្សែប្រយុទ្ធរបស់ក្រុម «Borussia Mönchengladbach» កីឡាករ «Marcus Thuram» បានរងទណ្ឌកម្ម ដោយហាមការប្រកួត ចំនួន៥ប្រកួត និងពិន័យជាប្រាក់ ៤ម៉ឺនអ៊ឺរ៉ូ។ នេះបើតាមសេចក្ដីសម្រេច របស់គណៈកម្មការវិន័យ នៃសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ដែលចេញផ្សាយឲ្យដឹង ក្នុងល្ងាចថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។

កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ក្នុងការប្រកួតជុំទី១៣ ក្របខណ្ឌ«Bundesliga» (អាល្លឺម៉ង់) រវាងក្រុម «Borussia Mönchengladbach» និងក្រុម «Hoffenheim» កីឡាករខ្សែប្រយុទ្ធជាតិបារាំង ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញ នៅនាទីទី៧៩ បន្ទាប់ពីកីឡាករ​បានស្ដោះទឹកមាត់ ដាក់ខ្សែការពាររបស់ក្រុម «Hoffenheim»។

ក្រៅពីទណ្ឌកម្ម​ដោយផ្ទាល់ខាងលើ កីឡាករ «Marcus Thuram» នៅបានរងទណ្ឌកម្មដោយប្រយោលមួយទៀត គឺហាមឃាត់ការប្រកួត ចំនួន១ប្រកួត។ តែការហាមឃាត់នេះ ត្រូវបានព្យួរក្នុងរយៈពេល១ឆ្នាំ ដើម្បីអនុញ្ញាត ឲ្យមានការឃ្លាំមើល កាយវិការរបស់កីឡាករ នៅក្នុង​ការប្រកួតក្រោយៗទៀត។

យ៉ាងណា ទណ្ឌកម្មទាំងអស់ ដែលបណ្ដាលពីការប្រព្រឹត្តិកំហុស របស់កីឡាករ «Marcus Thuram» ត្រូវបានអនុវត្ត តែនៅក្នុងក្របខណ្ឌ «Bundesliga» ប៉ុណ្ណោះ ខណៈការប្រកួតទាំងឡាយ នៅក្នុងក្រុបខណ្ឌ «German Cup» ឬក្នុងក្របណ្ឌអ៊ឺរ៉ុប «Champions League» មិនត្រូវបានប៉ះពាល់ទេ។

កាលពីមួយថ្ងៃមុន កីឡាករ«Marcus Thuram» ក៏ទទួលបានទណ្ឌកម្មពីក្រុម «Borussia Mönchengladbach» របស់ខ្លួនដែរ ដោយតម្រូវ​ឲ្យកាត់ប្រាកខែ របស់កីឡាករ ចំនួន១ខែ (ប្រមាណជា១៥០០០០អ៊ឺរ៉ូ) ដើម្បីយកទៅឧបត្ថម្ភសកម្មភាពមនុស្សធម៌ និងជាប្រយោជន៍ដល់សង្គម។

នៅក្រោយការប្រកួត (ក្នុងយប់ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ) បានប៉ុន្មាននាទី កីឡាករ «Marcus Thuram» បានបង្ហោះសារសុំទោស នៅលើ​បណ្ដាញសង្គមទ្វីសធើរ អះអាងថា ខ្លួន​បានធ្វើទង្វើ​ខុសឆ្គង ដែលជាឧប្បត្តិហេតុ និងជាទង្វើដោយអចេតនា៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។