បាល់ទាត់

ចប់ពីក្រុមប៉ារីស កាវ៉ានី ចុះកិច្ចសន្យា លេងឲ្យក្រុម​មេនយូ

ខ្សែប្រយុទ្ធដ៏ល្បី កីឡាករ អេឌីសុន កាវ៉ានី (Edinson Cavani) បានសម្រេចចុះហត្ថលេខា លេងឲ្យក្រុម​មេនយូ (Manchester United) សម្រាប់រយៈពេល១ឆ្នាំ និងអាចបន្ត១ឆ្នាំបន្ថែមទៀត។

ការចុះកិច្ចសន្យានេះ ធ្វើឡើងក្នុងយប់ថ្ងៃចន្ទទី៥ ខែតុលា ឆ្នាំ២០២០ ក្នុងនាមជាកីឡាករទំនេរ ដោយហេតុថា ខ្សែប្រយុទ្ធអាយុ​៣៣ឆ្នាំ​ខាងលើ បានចប់កិច្ចសន្យាជាមួយក្រុម ប៉ារីស (Paris Saint-Germain) តាំងពីចុងខែមិថុនាមកម្លេះ។

ប៉ុន្តែកីឡាកររូបនេះ នឹងត្រឡប់មកប្រកួត ទល់នឹងក្រុមប៉ារីសវិញ ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ (ថ្ងៃទី២០ ខែតុលា) ដោយហេតុថា ក្រុមមេនយូ ស្ថិតក្នុងពូលតែមួយ «Group H» ជាមួយនឹងក្រុម ប៉ារីស នៃក្របខណ្ឌប្រកួត «Champions League»

កីឡាករ កាវ៉ានី នឹងពាក់អាវលេខ៧ ដែលធ្លាប់ជាលេខអាវ របស់កីឡាករល្បីៗពីមុន របស់ក្រុមបីសាចក្រហម។ នៅលើគេហទំព័រផ្លូវការ របស់ក្រុមមេនយូ កីឡាករខ្សែប្រយុទ្ធ ត្រូវបានស្រង់សំដី មកចុះផ្សាយថា៖

«ក្រុមមេនយូ ជាក្រុមមួយ ក្នុងចំណោមក្រុម​បាល់ទាត់​យក្សទាំងឡាយ នៅក្នុងពិភពលោក។ ដូច្នេះ វាជាកិត្តិយសមួយដ៏អស្ចារ្យ ដែលមានវត្តមាននៅទីនេះ។ ខ្ញុំបានហ្វឹកហាត់ខ្លាំងក្លាណាស់ នៅក្នុងរយៈពេលវិស្សមកាលកន្លងមក ហើយខ្ញុំពិតជាចង់ត្រឡប់ មកកាន់ទីលានប្រកួតវិញ ដើម្បីតំណាងឲ្យក្រុម ដ៏អស្ចារ្យមួយនេះ៕»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។