បាល់ទាត់

មេនស៊ីធី បំបាក់ លីវើភូល ឲ្យ​ស្គាល់​រសជាតិ​ចាញ់​ជា​លើកទី​មួយ

ជ័យជំនះនេះ (២-១) ថែមទាំងបានធ្វើឲ្យក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) ទទួលបានបីពិន្ទុ និងមានគម្លាតតែ៤ពិន្ទុប៉ុណ្ណោះ ពីក្រុមហង្សក្រហម លីវើភូល (Liverpool) ដែលខ្លួនទើបនឹងបំបាក់ ឲ្យស្គាល់រស់ជាតិចាញ់ ជាលើកទីមួយ នៅក្នុងការប្រកួតកាលពីយប់ម៉ិញ សម្រាប់ក្របខណ្ឌបូកពិន្ទុ ដណ្ដើមយកជើងឯក របស់ចក្រភពអង់គ្លេស «Premier League»។

ជាការប្រកួតមួយស្វិតស្វាញ រវាងក្រុមយក្សទាំងពីរ ដែលកម្លាំងកីឡាករ និងបច្ចេកទេសទាត់ មានសភាពប្រដុំប្រសងគ្នា។ ហើយគេត្រូវរង់ចាំរហូតដល់នាទីទី៤០ ទើបខ្សែប្រយុទ្ធ  កីឡាករ «Sergio Agüero» រកមួយគ្រាប់ឲ្យក្រុម មេនស៊ីធី នាំមុខ ១-០។

ប៉ុន្តែនៅពេលត្រឡប់ ចូលមកពាក់កណ្ដាលម៉ោង ទី២ ក្រុមហង្សក្រហម ស្វែងរកគ្រាប់បាល់ស្មើមកវិញ ហើយទទួលបានលទ្ធផលដូច្នេះមែន គឺនៅនាទីទី ៦៤ ដោយសារខ្សែប្រយុទ្ធ «Roberto Firmino» ប្រើក្បាលបញ្ជូនបាល់ចូលទី បានមួយគ្រាប់សងខាង ១-១។

យ៉ាងណា ក្រុម មេនស៊ីធី បានប្រើឱកាស នៃការប្រកួតយប់នេះ ដែលធ្វើក្នុងកីឡាដ្ឋានរបស់ខ្លួននោះ ដើម្បីវាយសន្ធាប់ជាថ្មី ទៅលើក្រុម លីវើភូល។ ហើយនៅទីបំផុត កីឡារ «Leroy Sané» រកបានមួយគ្រាប់ទៀត សម្រាប់ឲ្យក្រុម មេនស៊ីធី នាំមុខជាថ្មី ២-១។

ហើយនោះជាលទ្ធផលទាំងស្រុង នៃជំនួបរវាងក្រុមទាំងពីរ បើទោះជាក្រុមហង្សក្រហម ខិតខំវាយលុក នៅចុងម៉ោងខ្លាំងបែបណាក្ដី។ តែអ្វីដែលកត់សម្គាល់ខ្លាំងនោះ គឺក្រុម លីវើភូល បានបរាជ័យជាលើកទីមួយ នៅក្នុងការប្រកួតវិលជុំបូកពិន្ទុនេះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។