បាល់ទាត់

រ៉ូណាល់ដូ ទាត់បាល់បញ្ចូលទីបាន ៨០០គ្រាប់​ហើយ មកដល់ថ្ងៃនេះ

ក្នុងអាជីពជាកីឡាករបាល់ទាត់ និងជាខ្សែប្រយុទ្ធដ៏ល្បីល្បាញ កីឡាករ គ្រីស្ទានណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានទាត់បញ្ចូលទី និងរកបានគ្រាប់បាល់ចំនួន ៨០០គ្រាប់​ហើយ មកដល់ថ្ងៃនេះ។

គ្រាប់បាល់ទី៨០០ ត្រូវបានកីឡាករជាតិព័រទុយហ្គាល់រូបនេះរកបាន ក្នុងការប្រកួតលើកទី១០៩៦របស់ខ្លួន ដែលប្រព្រឹត្តទៅកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២ ខែឆ្នូ ឆ្នាំ២០២១ម្សិលមិញ រវាងក្រុម មេនយូ (Manchester United /អង់គ្លេស) និងក្រុម អាសឺណល (Arsenal /អង់គ្លេស) ក្នុងក្របខណ្ឌ«Premier League»។

ក្នុងការប្រកួតនោះ កំពូលខ្សែប្រយុទ្ធអាយុ៣៦ឆ្នាំ រកបានគ្រាប់បាល់២គ្រាប់ (នៅនាទីទី៥២ និងទី៧០) និងនាំជ័យជម្នះ ឲ្យក្រុមបិសាចក្រហម ដោយគ្រាប់បាល់ ៣-២។ គ្រាប់បាល់ទី៨០០នោះ ក៏ជាគ្រាប់បាល់ទី៤៥ របស់កីឡាករ ក្នុងឆ្នាំ២០២១នេះដែរ។

បើសរុបទាំងកិច្ចសន្យាលើកមុន និងលើកនេះ កីឡាករ រ៉ូណាល់ដូ រកគ្រាប់បាល់ឲ្យក្រុម មេនយូ បាន ១៣០គ្រាប់ ក្នុងនោះ ៩០គ្រាប់ រកបានក្នុងក្របខណ្ឌ«Premier League»។

ខាងក្រោមនេះ ជាតួលេខរំឭកឡើងវិញ អំពីគ្រាប់បាល់ដែលកំពូលខ្សែប្រយុទ្ធ ជាតិព័រទុយហ្គាល់ រកបានឲ្យក្រុមបាល់ទាត់ និងក្រុមជម្រើសជាតិ៖

  • Sporting CP៖ ៥
  • Real Madrid៖ ៤៥០
  • Juventus៖ ១០១
  • Manchester United (ទាំងកិច្ចសន្យាលើកមុន និងលើកនេះ)៖ ១៣០
  • Portugal៖ ១១៥៕
ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។