បាល់ទាត់

Champions League៖ លីវើភូល បំបាក់​ក្ដីសុបិន្ដ​ផ្ដាច់ព្រ័ត្រ វីឡារ៉េអាល

ក្ដីសុបិន្ដរបស់ក្រុម វីឡារ៉េអាល (Villarreal – អេស្ប៉ាញ) មានជីវិត​ត្រឹមតែ​៤៥នាទីដំបូង ក្នុងការប្រកួតល់នឹងក្រុម លីវើភូល (Liverpool – ) ប៉ុណ្ណោះ។ ជាការប្រកួតជុំទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ ដើម្បីដណ្ដើមសំបុត្រ ឡើងទៅទាត់នៅវគ្គផ្ដាច់ព្រ័ត្រ ក្របខណ្ឌ«Champions League»​ ឆ្នាំ២០២១-២០២២។ 

សម្រាប់ពាក់កណ្ដាលម៉ោងដំបូង ក្រុមបាល់ទាត់នៃក្រុង «Vila-Rea» ប្រទេសអេស្ប៉ាញ បានរក្សាក្ដីសង្ឃឹមនេះ ដោយវាយសន្ធាប់លើក្រុម លីវើភូល នៅគ្រប់ជ្រុងនៃការប្រកួត។ ជាពិសេស ក្រុមវីឡារ៉េអាល ដែលឈ្នះពាន​«Europa League»​ឆ្នាំកន្លងទៅ រកបានគ្រាប់បាល់ តាំងពីនាទីទី៣ នៃការប្រកួត និងរកបានមួយគ្រាប់ទៀត នៅនាទីទី៤១។ 

តែនៅពាក់ម៉ោងទី២ ក្រុមហង្សក្រហមអង់គ្លេស បានផ្លាស់ប្ដូរកីឡាករ និងក្រឡារបៀបលេងបាល់ ដផយបើកការវាយសន្ធាប់ តបមកក្រុម វីឡារ៉េអាល វិញ។ ជាលទ្ធផល ក្រុមលីវើភូលរកបានគ្រាប់បាល់ ជាបន្តបន្ទាប់ រហូតដល់ទៅបីគ្រាបន់ គឺនៅនាទីទី៦២ នាទីទី៦៧ និងនាទីទី៧៤។

ការប្រកួតជុំទីពីរ​ដែលបានប្រព្រឹត្តិទៅ ក្នុងយប់ថ្ងៃអង្គារនេះ នៅកីឡដ្ឋាន«Estadio de la Cerámica» នៃក្រុង«Vila-real» ប្រទេសអេស្ប៉ាញ បានបញ្ចប់ទៅ ដោយលទ្ធផល២-៣ (ជ័យជំនះរបស់ក្រុម លីវើភូល៌។ បើបូកពិន្ទុទាំងក្នុងការប្រកួតជុំដំបូង កាលពីសប្ដាហ៍មុនផង ក្រុម វីឡារ៉េអាល រកបានត្រឹមតែ២គ្រាប់ ខណៈក្រុម លីវើភូល រកបានគ្រាប់បាល់ រហូតដល់៥គ្រាប់។

យ៉ាងណា ក្រុម វីឡារ៉េអាល មិនបានបាក់មុខអ្វីសោះឡើយ បើគេនិយាយពីទំហំរបស់ក្រុមមួយនេះ និងភាពជោគជ័យក្នុងការប្រកួតកន្លងមក ជាពិសេសក្រុម វីឡារ៉េអាល បានបំបាក់ក្រុម បាយ៉ើន (Bayern Munich – អាល្លឺម៉ង់) យក្សអាល្លឺម៉ង់ នៅក្នុងវគ្គ១ភាគ៤ មុននឹងឡើងមកជួបក្រុម លីវើភូល។

ការប្រកួតផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តិទៅក្នុងកីឡដ្ឋាន «Stade de France» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង វេលាម៉ោង២១យប់ (ម៉ោងក្នុងស្រុកបារាំង) នៅថ្ងៃសៅរ៍ ទី២០ ខែឧសភាខាងមុខ។ ក្រុមហង្សក្រហមអង់គ្លេស ដែលឈ្នះសំបុត្រដំបូងគេនេះ ត្រូវរង់ចាំលទ្ធផល នៃការប្រកួតរវាងក្រុម វៀល (Real Madrid – អេស្ប៉ាញ) និងក្រុម មេនស៊ីធី (Manchester City – អង់គ្លេស) នៅយប់ថ្ងៃពុធស្អែក ដើម្បីដឹងពីគូប្រកួតរបស់ខ្លួន៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។