បាល់ទាត់

លីយ៉ូនែល ម៉េស៊ី ឈ្នះ​«បាល់មាស»​ជាលើក​ទី៦

បន្ទាប់ពីបានឈ្នះ ពាន់រង្វាន់«បាល់មាស»​ ប្រចាំឆ្នាំ២០០៩, ២០១០, ២០១១, ២០១២, និងឆ្នាំ២០១៥រួច កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានឈ្នះពានរង្វាន់នេះ ជាថ្មីទៀត ក្នុងយប់ថ្ងៃចន្ទទី២ ខែធ្នូ ឆ្នាំ២០១៩នេះ។

កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលជាគូប្រជែង និងធ្លាប់ឈ្នះពាននេះ បាន៥ដងកន្លងមក ទទួលបានចំណាត់ថ្នាក់ ក្នុងឆ្នាំនេះ នៅត្រឹមលេខ៣ និងមិនមានវត្តមាន ក្នុងពិធីប្រគល់ពាន ដែលប្រព្រឹត្តិទៅ ក្នុងរោងមហោស្រពមួយ កណ្ដាលរដ្ឋធានីប៉ារីស (បារាំង) នេះផងទេ។

ដោយឡែក ចំណាត់ថ្នាក់លេខ ២ សម្រាប់ឆ្នាំ២០១៩ បានធ្លាក់ទៅលើខ្សែការពារ របស់ក្រុមហង្សក្រហមអង់គ្លេស លីវើភូល (Liverpool) កីឡាករ វៀជីល វាន់ឌីក (Virgil Van Dijk)។

មនុស្សទី១ ដែលឈ្នះ«បាល់មាស»ចំនួន៦ ក្នុងពេល ១០ឆ្នាំ

យ៉ាងណា ការផ្ដល់«បាល់មាស» ជូនកីឡាករ ម៉េស៊ី អាយុ ៣២ឆ្នាំ ត្រូវបានគេចាត់ទុកថា មានភាពស័ក្ដិសមបំផុត បើទោះជាកំពូលកីឡាកររូបនេះ និងក្រុម បាសឺឡូន ដែលកីឡាករនៅជាមួយ មិនបានឈ្នះ លើកពានជើងឯកអ៊ឺរ៉ុប «Champions League» សម្រាប់រដូវកាល ២០១៨-២០១៩ ដូចក្រុម លីវើភូល ក៏ដោយ។ 

ផ្ទុយទៅវិញ នៅក្នុងការប្រកួតចុងក្រោយជាច្រើន កីឡាករ លីយ៉ូនែល ម៉េស៊ី បានបង្ហាញថ្វីជើងរបស់ខ្លួន ដើម្បីរកគ្រាប់បាល់ និងនាំជ័យជំនះ មកឲ្យក្រុមបាសឺឡូន ប្រកបដោយប្រសិទ្ធិភាព។

Messi and his six Ballon d’Or

Can you believe this?! Six #ballondor for Lionel Messi 👀 How much more to come?

Posted by France Football on Monday, December 2, 2019


គួរជម្រាបដែរថា ពានរង្វាន់ខាងលើ ជាកម្មសិទ្ធិនិងជាការរៀបចំ របស់ទស្សនាវដ្ដីបារាំងដ៏ធំមួយ ឈ្មោះ «France Football»។ អ្នកសារព័ត៌មានជំនាញខាងកីឡា ចំនួន១៧៦នាក់ មកពីប្រទេសចំនួន១៧៦ ក្នុងពិភពលោក (ប្រទេសមួយ តំណាងដោយអ្នកសារព័ត៌មានម្នាក់) គឺជាសមាជិកគណៈកម្មការកាត់សេចក្ដី សម្រាប់ផ្ដល់ពិន្ទុ និងវាយតម្លៃ ទៅលើកីឡាករបាល់ទាត់ល្បីៗ ជាច្រើនសិបនាក់ ដែលកំពុងទាត់ឲ្យក្រុមធំៗ ជាច្រើន នៅជុំវិញផែនដី។

ខាងក្រោមនេះ ជាចំណាត់ថ្នាក់ទាំង១០ នៃកីឡាករបាល់ទាត់ ផ្នែកបុរស សម្រាប់ឆ្នាំ២០១៩ (ប្រទេសដើមកំណើត/ ក្រុមកំពុងនៅជាមួយ) ៖ 

១) Lionel Messi (Argentine/Barcelone)
២) Virgil van Dijk (Pays-Bas/Liverpool)
៣) Cristiano Ronaldo (Portugal/Juventus)
៤) Sadio Mané (Sénégal/Liverpool)
៥) Mohamed Salah (Egypte/Liverpool)
៦) Killian Mbappé (France/Paris)
៧) Alisson Becker (Brésil/Liverpool)
៨)​ Robert Lewandowski (Pologne/Bayern Munich)
៩) Bernardo Silva (Portugal/Manchester City)
១០) Riyad Mahrez (Algérie/Manchester City)

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។