បាល់ទាត់

លីយ៉ូនែល ម៉េស៊ី ត្រូវបាន​បញ្ឈរជើង​៣ខែ ពី​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន

កំពូលខ្សែប្រយុទ្ធ ជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ត្រូវបានបញ្ឈរជើង ពី​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន សម្រាប់រយៈពេល៣ខែ ក្រោមការចោទប្រកាន់ថា កីឡាករដ៏ល្បីរូបនេះ បានរិះគន់សហព័ន្ធបាល់ទាត់បាល់ទាត់ នៃទ្វីបអាមេរិកខាងត្បូង (Conmebol)។

ការរិះគន់នោះ ត្រូវបានកីឡាករធ្វើដោយផ្ទាល់ ទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីកំពូលខ្សែប្រយុទ្ធ របស់ក្រុមបាសឺឡូនរូបនេះ ទទួលការពិន័យ ពីអាជ្ញាកណ្ដាល ដោយកាតក្រហម ដែលស្មើនឹងការបណ្ដេញ ចេញពីការប្រកួតកាលនោះ រវាងក្រុមអាហ្សង់ទីន និងក្រុមឈីលី ដើម្បីដណ្ដើមយកចំណាត់ថ្នាក់ទី៣ នៃពានរង្វាន់ «Copa America»។

ម្ចាស់បាល់មាស៤ជំនាន់ បានប្រើពាក្យខ្លាំងៗ នៅពេលនោះថា៖

«អំពើពុករលួយ និងក្រុមអាជ្ញាកណ្ដាល បានធ្វើឲ្យល្អក់កករ ដល់ការប្រកួត និងដល់បាល់ទាត់។ អ្វីៗទាំងអស់ ត្រូវបានរៀបចំឡើង ដើម្បីឲ្យប្រេស៊ីល (ដែលជាម្ចាស់ផ្ទះ) បានឡើង​ដល់វគ្គផ្ដាច់ព្រ័ត្រ និងឈ្នះពានរង្វាន់។»

ក្រៅពីបានថ្លែងចោទសហព័ន្ធ ថាមានពោរពេញដោយអំពើពុករលួយ កីឡាករ ម៉េស៊ី នៅបានបដិសេធក្រោយការប្រកួត មិនឡើងទៅយកមេដាយ ក្នុងនាមជាក្រុមបាល់ទាត់ ដែលបានជាប់ចំណាត់ថ្នាក់លេខ៣ នោះទេ។

ជាលទ្ធផល ក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ សហព័ន្ធបាល់ទាត់ នៃទ្វីបអាមេរិកខាងត្បូង បានសម្រេចបញ្ឈរជើងកីឡាករ ចំនួន៣ខែ ពីក្រុមជម្រើសជាតិអាហ្សង់ទីន និងពិន័យជាប្រាក់ ៥០០០០ដុល្លារ (ប្រមាណជា៤៥០០០អ៊ឺរ៉ូ)។ ការបញ្ឈរជើងនេះ នឹងធ្វើឲ្យកីឡាករខកខាន ក្នុងការប្រកួតដណ្ដើមសំបុត្រដំបូងៗ ដើម្បីឲ្យក្រុមអាហ្សង់ទីន បានទៅចូលរួម ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២។

យ៉ាងណា ទណ្ឌកម្មរបស់សហព័ន្ធបាល់ទាត់ នៅអាមេរិកខាងត្បូង មិនជាប់ពាក់ព័ន្ធ នឹងក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone) ដែលកីឡាករ ម៉េស៊ី ទាត់ឲ្យតាំងពីឆ្នាំ២០០៣មក នោះឡើយ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។