បាល់ទាត់

អ៊ីតាលី លើកពានជើងឯក«អ៊ឺរ៉ុប ឆ្នាំ២០២០» បន្ទាប់ពី​បំបាក់ អង់គ្លេស

ក្រុមជម្រើសជាតិ អ៊ីតាលី បានលើកពានជើងឯក«អ៊ឺរ៉ុប ឆ្នាំ២០២០» បន្ទាប់ពីបានបំបាក់ក្រុម អង់គ្លេស ដោយ​បាល់​កាត់សេចក្ដី ៣-២ ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដ៏តឹងតែង ដែលទទួលបានលទ្ធផលស្មើ ១-១ ទាំងក្នុង​រយៈពេល​៩០នាទី និងទាំងរយៈពេលបន្ថែមម៉ោង១៥+១៥=៣០នាទី។

ក្នុងកីឡដ្ឋាន «Wembley» នៃរាជធានីឡុងដ៍ ចក្រភពអង់គ្លេស ដែលជាផ្ទះរបស់ខ្លួន ក្រុមតោបីអង់គ្លេស បាន​សង្ឃឹមយ៉ាងមុតមាំ ក្នុងការលើកពាន«អ៊ឺរ៉ុប ឆ្នាំ២០២០» ដែលជាពានរង្វាន់ធំ និងដែលបណ្ដាអ្នកគាំទ្រអង់គ្លេស បានទន្ទឹង​រង់ចាំអស់រយៈពេល៥៥ឆ្នាំ បន្ទាប់ពីពានរង្វាន់«ពិភពលោក ឆ្នាំ១៩៦៦»។

ហើយក្ដីសង្ឃឹមខាងលើ ហាក់បានក្លាយជាការពិត ដោយសារកីឡាករ «Luke Shaw» រកគ្រាប់បាល់បាន​យ៉ាង​រហ័ស (១-០) នៅនាទីទី២ នៃការប្រកួត។

តែបន្ទាប់ពីរកបានគ្រាប់បាល់នេះរួច ក្រុមអង់គ្លេសបានដកឃ្លាមកក្រោយ ដើម្បីពង្រឹកខ្សែការពារ ជាជាងបន្ត​ការវាយសម្រុក និងអនុញ្ញាតឲ្យក្រុម អ៊ីតាលី ដណ្ដើមប្រៀបបាន ជាពិសេស​នៅពាក់កណ្ដាលម៉ោងទី២។ ដោយ​ហេតុនេះហើយ ទើបខ្សែការពារ អ៊ីតាលី កីឡាករ «Leonardo Bonucci» រកគ្រាប់បាល់ស្មើរមកវិញ ១-១ នៅនាទីទី៦៧ ក្នុងឱកាសទាត់បាល់ ចេញពីជ្រុង។

ក្នុងរយៈពេលប្រកួតបន្ថែមម៉ោង ១៥ +១៥នាទី ក្រុមទាំងពីរ​រកមិនបាន​គ្រាប់បាល់ផ្សេងទៀតទេ និងតម្រូវឲ្យ​ទាត់បាល់​កាត់សេចក្ដី ម្ខាង៥គ្រាប់។  លទ្ធផលចុងក្រោយ បានផ្ដល់ជ័យជំនះទៅឲ្យក្រុម អ៊ីតាលី ដោយកីឡាករ​អង់គ្លេស ដល់ទៅបីនាក់ ទាត់មិនបានសម្រេច (ចំនួន៣គ្រាប់) ខណៈកីឡាករអ៊ីតាលី បានទាត់មិនសម្រេច ចំនួនតែ​២គ្រាប់ប៉ុណ្ណោះ។

ក្រុម អ៊ីតាលី បានលើកពាន«អ៊ឺរ៉ុប» ជាលើកទីពីរ នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន និងមានរយៈពេល៥៣ឆ្នាំ ក្រោយពី​បានឈ្នះលើកទី១ នៅឆ្នាំ១៩៦៨៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។