បាល់ទាត់

អ្នកចាំទីក្រុម រៀល ចុះហត្ថលេខា​៤ឆ្នាំ លេង​ឲ្យ​ក្រុម ប៉ារីស

ក្នុងល្ងាចថ្ងៃចន្ទនេះ «អតីត»អ្នកចាំទីរបស់ក្រុម រៀល (Real Madrid) និងធ្លាប់លើកពានអ៊ឺរ៉ុបបីជំនាន់ កីឡាករ កីល័រ ណាវ៉ាស់ (Keylor Navas) បានចុះហត្ថលេខា លេង​ឲ្យ​ក្រុម ប៉ារីស (Paris Saint Germain) សម្រាប់រយៈពេល៤រដូវកាល។

ដូចគ្នានេះ ក្រុមប៉ារីសក៏បានក្រុមរៀល ខ្ចីកីឡាករចាំទីរបស់ខ្លួន គឺកីឡាករ អាល់ហ្វូស អារ៉េអូឡា (Alphonse Areola) ទៅវិញដែរ តែសម្រាប់រយៈពេល តែមួយឆ្នាំប៉ុណ្ណោះ។

ខុសពីកីឡាករ ណាវ៉ាស់ ជាតិកូស្តារីកា ដែលចុះហត្ថលេខាលេងឲ្យក្រុម ប៉ារីស ដើម្បីក្លាយជាអ្នកចាំទីលេខ១នោះ កីឡាករ អារ៉េអូឡា ជាតិបារាំង បានទៅកាន់ក្រុម រៀល ដើម្បីធ្វើជាកីឡាករជំនួស (ជាកីឡាករលេខ២) ឲ្យកីឡាករលេខ១សព្វថ្ងៃ របស់ក្រុមអ្នកជិះសេះស គឺកីឡាករ ទីបូ គួរទ័រ (Thibaut Courtois)។

ក្នុងរដូវកាលថ្មីនេះ ក្រុមប៉ារីសបានបង្ហាញពីការកែទម្រង់ថ្មីមួយ សម្រាប់អ្នកការពារទីរបស់ខ្លួន។

កីឡាករទាំងបីនាក់ ក្នុងរដូវកាលកន្លងទៅ របស់ក្រុមអ្នកមានថ្មីមួយនេះ ត្រូវបានប្ដូរចេញទាំងអស់ រួចមានកីឡាករ បូហ្វុង (Gianluigi Buffon) ដែលបានបញ្ចប់កិច្ចសន្យា កីឡាករ ខេវីន ត្រាប់ (Kevin Trapp) ត្រូវបានក្រុមហ្វ្រង់ហ្វ័រ (Eintracht Frankfurt) ទិញយកទៅ និងចុងក្រោយ គឺកីឡាករ អារ៉េអូឡា ដែលត្រូវបានខ្ចីដោយក្រុមរៀល។

ផ្ទុយទៅវិញ ក្រៅពីកីឡាករ ណាវ៉ាស់ ខាងលើ ក្រុមប៉ារីសបានពង្រឹកខ្សែការពារទី ដោយបានខ្ចីកីឡាករចាំទី កីឡាករ «Sergio Rico» ពីក្រុមសេវីល «FC Séville» សម្រាប់រដូវកាលថ្មី បន្ថែមពីលើកីឡាករចាំទីវ័យក្មេងជាតិប៉ូឡូញ មកពីក្រុម ឆែលស៊ី (Chelsea FC) គឺកីឡាករ «Marcin Bulka» ដែលបានមកចុះហត្ថលេខា មកទាត់ឲ្យក្រុម តាំងពីដើមខែកក្កដា៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។