បាល់ទាត់

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ១-០ ដើម្បីឈ្នះពានពិភពលោក ឆ្នាំ២០២៣ កាលពីយប់ថ្ងៃអាទិត្យមុន។

សេចក្ដីប្រកាសព័ត៌មាន របស់«FIFA» ដែលមានស្នាក់ការកណ្ដាលនៅក្រុមហ្សឺណែវ ប្រទេសស្វីស ចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែសីហានេះ បានឲ្យដឹងថា ក្រុមប្រឹក្សាវិន័យរបស់ខ្លួន បានជូនដំណឹងទៅលោក ជុំវិញការបើក«នីតិវិធីវិន័យ» ប្រឆាំងនឹងរូបលោក ជុំវិញហេតុការណ៍ «ចាប់ឱប-ថើបមាត់» ដែលបានកើតឡើង នៅលើវេទិកាទទួលមេដាយ និងការលើកពាន របស់ក្រុមកីឡាការិនីអេស្ប៉ាញ ដែលទើបនឹងក្លាយ ជាជើងឯកពិភពលោក ឆ្នាំ២០២៣។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ បានសរសេរបន្តថា៖

«កាយវិការទាំងនោះ អាចជាការរំលោភ ទៅលើវាក្យខ័ណ្ឌ១និង២ នៃមាត្រា១៣ នៃក្រមវិន័យ​របស់សហព័ន្ធបាល់ទាត់អន្តរជាតិ។ ប៉ុន្តែនៅខណៈនេះ ក្រុមប្រឹក្សាវិន័យនឹងមិនផ្ដល់ព័ត៌មានអ្វីបន្ថែម ជុំវិញការបើកនីតិវិធីខាងលើ នៅមុនការសម្រេចចុងក្រោយនោះឡើយ។»

ការចាប់ឱប-ថើបមាត់ទាំងបង្ខំ ធ្វើឡើងដោយមេដឹកនាំស្ថាប័ន​គ្រប់គ្រងបាល់ទាត់​អេស្ប៉ាញ ទៅលើកីឡាការិនី Jennifer Hermoso បានបង្កឲ្យផ្ទុះសង្គ្រាមប៉ាកកា នៅពាសពេញមជ្ឍដ្ឋានអ្នកស្នេហាវិស័យបាល់ទាត់ និងក្រុមអ្នកធ្វើការលើកស្ទួយសិទ្ធិស្ត្រី ជាពិសេសនៅក្នុងប្រទេសអេស្ប៉ាញ។

នៅចំពោះរឿងអាស្រូវនេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានកោះប្រជុំវិសាមញ្ញមួយ នៅថ្ងៃសុក្រស្អែក ដើម្បីអនុញ្ញាតឲ្យលោក Luis Rubiales ចេញមុខបកស្រាយ នៅចំពោះក្រុមប្រឹក្សាភិបាល របស់ស្ថាប័នមួយនេះ។ កាលពីថ្ងៃចន្ទទី២១ ខែសីហា មេដឹកនាំរូបនេះ បានចេញវីដេអូសុំទោសរួចហើយ ដោយថ្លែងថា លោកបានច្រឡំ នូវកាយវិការមិនគប្បីនេះ តែលោកថា លោកមិនបានត្រៀមទុកជាមុន នូវកាយវិការនេះឡើយ។

យ៉ាងណា ការសុំទោសនោះ មិនបានកាត់បន្ថយ នូវប្រតិកម្ម​ពីសំណាក់មហាជន និងពីក្រុមអ្នកទទួលខុសត្រូវនានាទេ។ មន្ត្រីជាច្រើនរូប នៅក្នុងរាជរដ្ឋាភិបាលអេស្ប៉ាញ ថែមទាំងទាមទារឲ្យលោក Luis Rubiales ចាកចេញពីតំណែង ជាប្រធានសហព័ន្ធផងទៀត។ ​

កីឡាការិនី Jennifer Hermoso ខ្លួនឯង ដែលជាជនរងគ្រោះ ក៏បានបង្ហាញជំហរជាថ្មីដែរថា គួរឲ្យមានទណ្ឌកម្មជាគំរូមួយ ដើម្បីលើកកំពស់សមភាព រវាងស្ត្រីនិងបុរស ទាំងក្នុងវិស័យកីឡា និងនៅក្នុងសង្គមទូទៅ។

កំហឹងរបស់បណ្ដាជន បានកើនបន្ថែមទៀត បន្ទាប់ពីវីដេអូមួយទៀត ត្រូវបានទម្លាយនៅលើបណ្ដាញសង្គម។ ក្នុងវីដេអូនោះ គេឃើញលោក Luis Rubiales បានអបអរគ្រាប់បាល់ របស់ក្រុមកីឡាការិនីអេស្ប៉ាញ និងបានយកដៃលោក ទៅត្រដុសឬចាប់ នៅត្រង់​ចន្លោះភ្លៅ (វីដេអូខាងក្រោម)។

>>> ដំណឹងចុងក្រោយ ដែលចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានអេស្ប៉ាញ «El Partidazo de COPE» បានឲ្យដឹងថា លោក Rubiales នឹងសុំលាលែងពីតំណែង ចំពោះអង្គប្រជុំវិសាមញ្ញរបស់សហព័ន្ធ នៅថ្ងៃសុក្រស្អែក៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។