ក្នុងកីឡដ្ឋាន«Camp Nou»របស់ក្រុម បាសឺឡូន (FC Barcelone – អេស្ប៉ាញ) យប់ថ្ងៃអង្គារទី១៦ ខែកុម្ភៈនេះ ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) បានលត់ក្រុមម្ចាស់ផ្ទះ យ៉ាងចាស់ដៃ ដោយគ្រាប់បាល់ ៤-១ ក្នុងការប្រកួតជុំទីមួយ នៃវគ្គ១ភាគ៨ ក្របខណ្ឌ «Champions League»។
ជ័យជំនះរបស់ក្រុមជើងឯកបារាំង ទទួលបានដោយសារគ្រាប់បាល់«បីគ្រាប់» (នៅនាទីទី៣២/ ៦៥/ ៨៥) របស់កំពូលខ្សែប្រយុទ្ធ ល្បឿនផ្លេកបន្ទោរ កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) និងមួយគ្រាប់ទៀត (នៅនាទីទី៧០) របស់ខ្សែប្រយុទ្ធជាតិអ៊ីតាលី កីឡាករ ម៉ូស គីន (Moise Kean)។
សម្រាប់ក្រុម«បាសឺឡូន»វិញ បើទោះជាក្រុមសម្បូរដោយកីឡាករកម្រិតពិភពលោក ដូចយ៉ាងកំពូលខ្សែប្រយុទ្ធ ម្ចាស់បាល់មាស ៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ក៏ដោយ តែក្រុមអ្នកមានបុណ្យ បានលេងបាល់ក្នុងភាពស្ទាក់ស្ទើរ និងរកគ្រាប់បាល់ បានតែ១គ្រាប់ប៉ុណ្ណោះ ដែលជាគ្រាប់បាល់ពិន័យ១១ម៉ែត្រ នៅនាទីទី២៧។
យ៉ាងណា ក្រុមរបស់កីឡាករ ម៉េស៊ី នៅមានក្ដីសង្ឃឹម ក្នុងការប្រកួតជុំទីពីរ ដែលនឹងប្រព្រឹត្តិទៅ នៅកីឡដ្ឋាន«Parc de Princes»របស់ក្រុមប៉ារីស នៅយប់ថ្ងៃទី១០ ខែមីនាខាងមុខ។ ប៉ុន្តែ៤គ្រាប់ដែលក្រុម ប៉ារីស រកបាននៅខាងក្រៅផ្ទះ តម្រូវឲ្យក្រុមបាសឺឡូន ត្រូវរកគ្រាប់បាល់ ឲ្យបាន៥គ្រាប់លើសក្រុមប៉ារីសវិញ នៅក្នុងការប្រកួតជុំទី២នោះ៕