បាល់ទាត់

Euro Cup៖ កីឡាករម្នាក់​គាំងបេះដូង ក្នុងការប្រកួត ដាណឺម៉ាក-ហ្វាំងឡង់

ការប្រកួតវគ្គជម្រុះក្នុងពូល​រវាងក្រុម ដាណឺម៉ាក និងក្រុម ហ្វាំងឡង់ ត្រូវបានផ្អាកជាច្រើននាទីទី ក្នុងរសៀល​ថ្ងៃសៅរ៍ ទី១២ ខែមិថុនានេះ បន្ទាប់ពីខ្សែបម្រើ របស់ក្រុមដាណឺម៉ាក កីឡាករ គ្រីស្យង់ អេរីសិន (Christian Eriksen) បានរងអាការៈគាំងបេះដូង។

ខ្សែបម្រើអាយុ២៩ឆ្នាំ បានដួលដេកនៅលើទីលានប្រកួត នៅនាទីទី៤៣ (ក្នុងលទ្ធផល ០-០) ក្នុងកីឡដ្ឋាន​នៃរាជធានី កូផេនហាក (Copenhague) ប្រទេសហ្វាំងឡង់។ ហេតុការណ៍ដ៏រំជួលចិត្ត បានបញ្ឈប់​ការប្រកួតភ្លាមៗ ដើម្បីអនុញ្ញាត​​ឲ្យក្រុមអ្នកជួយសង្គ្រោះ ចូលមកធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីធ្វើចលនាបេះដូង ឲ្យកីឡាកររងគ្រោះ។

កីឡាករដាណឺម៉ាកទាំងអស់បាននាំគ្នាឈរធ្វើជារនាំង ដើម្បីជួយលាក់សកម្មភាពជួយសង្គ្រោះ ពីបណ្ដា​ម៉ាស៊ីនថត​ទាំងឡាយ។ ភរិយារបស់កីឡាករ អេរីសិន ក៏បានចុះមកមើលស្វាមីខ្លួន នៅនឹងកន្លែងដែរ។

នៅជាង១០នាទីក្រោយមក កីឡាកររងគ្រោះ ត្រូវបានបញ្ជូនចេញពីទីលានប្រកួត ទៅកាន់មន្ទីរពេទ្យ ខណៈក្រុមកីឡាករ​របស់ប្រទេស​ហ្វាំងឡង់ បានចូលក្នុងបន្ទប់សម្រាក តាំងពីហេតុការណ៍​បានកើតឡើង​ភ្លាមៗ។ ដំណឹងដែល​ទើបនឹងធ្លាក់​​មកដល់មុននេះ បានអះអាងថា កីឡាករ អេរីសិន បានភ្ញាក់​ដឹងខ្លួន​មកវិញ និងស្ថិតក្នុងស្ថានភាព​នឹងនរ ជាធម្មតា។

ជំនួបរវាងក្រុម​ជម្រើសជាតិទាំងពីរ ដែលស្ថិតក្នុងក្រុម«B» បានវិលចូលក្នុងទីលានប្រកួតវិញ នៅវេលាម៉ោង២០ និង៣០នាទី (ម៉ោងក្នុងស្រុក) ពោលគឺបន្ទាប់ពី​ផ្អាកអស់រយៈពេល ប្រមាណជា១ម៉ោង៤៥នាទី៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។