ក្រុមជម្រើសជាតិ បារាំង ម្ចាស់ពានពិភពលោកឆ្នាំ២០១៨ បាន«ហាលអាវ»ត្រឹមវគ្គ១/៨ ក្នុងការប្រកួតទល់នឹងក្រុម ស្វីស នាយប់ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយគ្រាប់បាល់កាត់សេចក្ដី ៤-៥ បន្ទាប់ពីទទួលលទ្ធផលស្មើ ៣-៣ ក្នុងការប្រកួត៩០នាទីដំបូង និងបន្ថែមម៉ោង៣០នាទី។
ក្រុមមាន់គក ដែលអ្នកផងគិតថា ជាបេក្ខភាពនាំមុខ ក្នុងដណ្ដើមពានអ៊ឺរ៉ុប ឆ្នាំ២០២០ លើកនេះ ត្រូវបានក្រុមស្វីសរកគ្រាប់បាល់ បានមួយគ្រាប់នាំមុខ (១-០) មុននឹងរកបានបីគ្រាប់ (១-៣) នាំមុខក្រុមស្វីសវិញម្ដង។ តែជិតបញ្ចប់ម៉ោងប្រកួត ក្រុមស្វីសរកគ្រាប់បាល់ បានពីរគ្រាប់ ស្មើក្រុមបារាំង តម្រូវឲ្យការប្រកួត ត្រូវបន្ថែមម៉ោង១៥-១៥៎=៣០នាទី ដើម្បីស្វែងរកលទ្ធផល នៃអ្នកឈ្នះនិងអ្នកចាញ់។
តែនៅចុងបញ្ចប់ នៃការប្រកួតបន្ថែមម៉ោង (៣០នាទី) ក្រុមទាំងពីរ នៅតែរកគ្រាប់បាល់ថ្មីទៀត មិនបាន ដែលចាំបាច់ត្រូវឈានដល់វគ្គ ទាត់បាល់កាត់សេចក្ដី ម្ខាង៥គ្រាប់។
កីឡាករទាំង៥នាក់របស់ក្រុមស្វីស សម្រេចទាត់បាល់ បានទាំង៥គ្រាប់ បញ្ចូលទីក្រុមបារាំង ផ្ទុយពីគ្រាប់បាល់របស់កីឡាករល្បឿនផ្លេកបន្ទោរ គឺកីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ដែលត្រូវបានកីឡាករចាំទី របស់ក្រុមស្វីសទះចេញបាន (លទ្ធផលនៃគ្រាប់បាល់កាត់សេចក្ដី ៥-៤)។
ក្រុមស្វីស ដែលបានឡើងទៅវគ្គ១/៤ នឹងត្រូវទៅជួបក្រុមជម្រើសជាតិ នៃប្រទេសអេស្ប៉ាញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ខាងមុខ ក្នុងកីឡដ្ឋាននៃក្រុង«Saint Petersburg» ប្រទេសរ៉ុស្ស៊ី។ ក្រុមអេស្ប៉ាញ ទើបនឹងបំបាក់ក្រុម ក្រូអាស៊ី ដោយគ្រាប់បាល់៥-៣ នៅក្នុងការប្រកួត មុនជំនួប«ស្វីស-បារាំង»ខាងលើ៕