បាល់ទាត់

រ៉ូណាល់ដូ ប្រកាសសង្គ្រាមប្រឆាំង កូកាកូឡា !

កាយវិការរបស់ម្ចាស់បាល់មាស ៥ជំនាន់ កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) អាចបង្ក​ការក្ដៅ​ក្រហាយ ដល់ក្រុមហ៊ុនភេសជ្ជៈយក្សរបស់អាមេរិក កូកាកូឡា (Coca Cola)។

ក្នុងថ្ងៃចន្ទទី១៤ ខែមិថុនានេះ នៅមុនចាប់ផ្ដើមការថ្លែងរបស់ខ្លួន ទៅកាន់ក្រុមអ្នកសារព័ត៌មាន កំពូលខ្សែប្រយុទ្ធ​ជាតិ​ ព័រទុយហ្គាល់ បានយកដបភេសជ្ជៈ កូកាកូឡា ចំនួនពីរដបចេញពីមុខរបស់ខ្លួន (វីដេអូខាងក្រោម)។

ជាឈុតឆាក ដែលបានកើតឡើង ក្នុងសន្និសីទសារព័ត៌មាន ជាទម្លាប់ នៅមុនការប្រកួតរវាងក្រុម ព័រទុយហ្គាល់ និង​ក្រុម ប៊ុលហ្គារី ដែលនឹងត្រូវប្រព្រឹត្តិទៅ នៅថ្ងៃអង្គារស្អែក។

បន្ទាប់មក កីឡាករ គ្រីស្យាណូ រូណាល់ដូ បានលើកមកបង្ហាញ នូវដបទឹករបស់ខ្លួន មុននឹងបន្លឺវាចាឡើងថា៖

«ផឹកទឹកល្អជាង ! កុំផឹកកូការ។»

នៅលើបណ្ដាញសង្គម កាយវិការរបស់កីឡាករ ទទួលបានការស្ងើចសរសើក្រៃលែង ពីបណ្ដាជនទូទៅ ជាពិសេស​ក្រុមអ្នកសារព័រមាន។ ពួកគេបាននិយាយ​ប្រហាក់ប្រហែលគ្នា ថាកីឡាករ រ៉ូណាល់ដូ ដែលបានជាប់​ជាកីឡាករម្នាក់ ពីក្នុងចំណោមកំពូលកីឡាករជាច្រើន នៅក្នុងពិភពលោកនោះ គឺដោយសារតែកីឡាកររូបនេះ បានផ្ដល់​អាទិភាព ទៅដល់​សុខភាព និងចំណីអាហារ​របស់ខ្លួនជាប្រចាំ។

សម្រាប់ក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា ដែលជាដៃគូ​ឧបត្ថម្ភផ្លូវការមួយ របស់ព្រឹត្តិការណ៍«Euro Cup 2020» មិនទាន់​បញ្ចេញ​ប្រតិកម្មអ្វី​នៅឡើយ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។