កីឡាករល្បីៗនៃក្រុមប៉ារីស (Paris Saint-Germain – បារាំង) នឹងចូលរួមធ្វើយុទ្ធនាការ ជាមួយអង្គការសុខភាពពិភពលោក «WHO» ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ «Covid-19» ដែលកំពុងរាតត្បាតពិភពលោក។ នេះ បើតាមការបង្ហោះសារ របស់លោកវេជ្ជបណ្ឌិត «Tedros Adhanom Ghebreyesus» ដែលជានាយកប្រតិបត្តិ របស់អង្គការពិភពលោកខាងលើ។
លោកវេជ្ជបណ្ឌិត បានបង្ហោះសារនៅលើបណ្ដាញសង្គម ទ្វីសធើរ ឲ្យដឹងថា លោកបានជួបជជែក តាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ជាមួយលោក «Nasser Al-Khelaïfi» នាយកក្រុមប៉ារីស។
លោក «Nasser Al-Khelaïfi» ដែលជាអគ្គនាយកក្រុមហ៊ុន «BeIN Media Group» និងក្រុមហ៊ុនផលិតភាពយន្ដ «Miramax» ផងនោះ បានសន្យាជាមួយមេដឹកនាំ របស់អង្គការសុខភាពពិភពលោក ថានឹងជួយធ្វើយុទ្ធនាការផ្សព្វផ្សាយ ដើម្បីប្រយុទ្ធទល់នឹងការរាតត្បាត នៃមេរោគដ៏ចង្រៃ។
លោក «Tedros Adhanom Ghebreyesus» ដែលដឹកនាំ «WHO» តាំងពីឆ្នាំ២០១៧ បានថ្លែងក្នុងសារបង្ហោះនោះ ដូច្នេះថា៖
«ខ្ញុំបានជជែកតាមទូរស័ព្ទ ប្រកបដោយផ្លែផ្កា ជាមួយលោក “Nasser Al-Khelaïfi” ជុំវិញការប្ដេជ្ញាចិត្តរបស់លោក ក្នុងការជួយអង្គការសុខភាពពិភពលោក ដើម្បីយកឈ្នះលើមេរោគ “កូរូណា”។ ការគាំទ្រ ដែលបានមក ពីពិភពកីឡា ពីប្រព័ន្ធផ្សព្វផ្សាយ និងពីកម្មវិធីកំសាន្ដទាំងឡាយ គឺចាំបាច់ជាទីបំផុត ក្នុងការការពារមនុស្សគ្រប់គ្នា។»
សារព័ត៌មានក្នុងប្រទេសបារាំង បានរាយការណ៍បន្ថែមថា លោកនាយកក្រុមប៉ារីស បានស្នើគម្រោងផលិត ស្ពតផ្សព្វផ្សាយ ជាមួយតារាបាល់ទាត់ល្បីៗ របស់ក្រុមប៉ារីស និងធ្វើការផ្សព្វផ្សាយស្ពតនោះ តាមកញ្ចក់ទូរទស្សន៍ «Bein Sport» ដែលមានបណ្ដាញ នៅពាសពេញពិភពលោក ដោយមិនគិតថ្លៃ។
កាលពី២សប្ដាហ៍មុន កីឡាករល្បីៗ របស់ក្រុមបាល់ទាល់យក្ស នៃរដ្ឋធានីប៉ារីស បានថតស្ពតមួយរួចហើយ ដើម្បីពន្យល់ទៅដល់អ្នកផង អំពីកាយវិការសាមញ្ញៗ ក្នុងការទប់ស្កាត់ការរាតត្បាត នៃមេរោគ។ សូមទស្សនាស្ពតនោះ ដូចតទៅ៖