បាល់ទាត់

Champions League៖ ប៉ារីស កំពុង​ឈានទៅ​សម្រេចសុបិន្ត​ខ្លួន

៥០ឆ្នាំក្រោយមក (រាប់ពីពេលក្រុមចាប់កំណើត ក្នុងឆ្នាំ១៩៧០) ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) កំពុង​ឈានទៅ​សម្រេចសុបិន្ត​ខ្លួន ដោយបានឡើង​ដល់​វគ្គផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions League» បន្ទាប់ពីបានបំបាក់ក្រុម ឡេពហ្សិង (RB Leipzig – អាល្លឺម៉ង់) ក្នុងយប់ថ្ងៃអង្គារនេះ។

ជាការប្រកួតវគ្គ១/២ ក្របខណ្ឌ«Champions League» ដើម្បី​ដណ្ដើម​សំបុត្រ ឡើងទៅ​ប្រកួតផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃអាទិត្យខាងមុខ ហើយក្រុមយក្សបារាំង បានយកឈ្នះក្រុម គោជល់អាល្លឺម៉ង់ ដោយគ្រាប់បាល់ ៣-០។

គ្រាប់បាល់ទាំងបី រកបាននៅនាទីទី១៣ ដោយខ្សែការពារ-បម្រើ កីឡាករ «Marquinhos» – នៅនាទីទី៤២ ដោយខ្សែប្រយុទ្ធស្លាប កីឡាករ «Ángel Di María» និងនៅនាទីទី៥៨ ដោយខ្សែការពារ-ស្លាប កីឡាករ «Juan Bernat»។

ក្រុម ប៉ារីស នឹងដឹង​ពីគូប្រជែង​របស់ខ្លួន ដែលចេញពីលទ្ធផល នៃការប្រកួត រវាងក្រុម បាយ៉ឺន (Bayern Munich – អាល្លឺម៉ង់) VS ក្រុម លីយ៉ុង (Olympique Lyonnais – បារាំង) ក្នុងយប់​ថ្ងៃពុធស្អែក៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។