ក្រុម មេនស៊ីធី (Manchester City – អង់គ្លេស) ដែលល្បីថាចាយលុយ ដូចក្រដាស បានបញ្ចប់ក្ដីសុបិន្តរបស់ខ្លួន នៅត្រឹមវគ្គ១/៤ បន្ទាប់ពីត្រូវក្រុម លីយ៉ុង (Olympique Lyonnais – បារាំង) បំបាក់ដោយពិន្ទុ ៣-១។
ជាការប្រកួតវគ្គ១/៤ ក្របខណ្ឌ«Champions League»ក្នុងយប់ថ្ងៃសៅរ៍ ដើម្បីដណ្ដើមសំបុត្រ ឡើងទៅជួបក្រុម បាយ៉ឺន (Bayern Munich – អាល្លឺម៉ង់) នៅវគ្គ១/២។
ក្រុមតោបារាំង រកគ្រាប់បាល់បានមួយគ្រាប់មុន នៅនាទីទី២៤ ដោយខ្សែប្រយុទ្ធស្លាប កីឡាករ«Maxwel Cornet»។ ក្រុមមេនឆេស្ទ័រស៊ីធី ត្រូវរង់ចាំរហូតដល់នាទីទី៦៩ ទើបខ្សែបម្រើ កីឡាករ«Kevin De Bruyne» រកបានគ្រាប់បាល់ស្មើមកវិញ។
តែនៅជិតចុងបញ្ចប់ នៃការប្រកួត កីឡាករក្រុមលីយ៉ុង ដែលចូលមកជំនួស គឺខ្សែប្រយុទ្ធ កីឡាករ«Moussa Dembélé» រកបានពីរគ្រាប់ផ្ទួនៗគ្នា នៅនាទីទី៧៩ និងនាទីទី៨៧។
ជ័យជំនះរបស់ក្រុមតោបារាំង នឹងអនុញ្ញាតឲ្យក្រុមនេះ ទទួលបានសំបុត្រ ឡើងទៅទាត់នៅវគ្គ១/២ នៅថ្ងៃពុធខាងមុខ ដែលមានក្រុម បាយ៉ឺន របស់ប្រទេសអាល្លឺម៉ង់ កំពុងរង់ចាំរួចជាស្រេច (បន្ទាប់ពីបំបាក់ក្រុម បាសឺឡូន កាលពីយប់ម្សិលម៉ិញរួច)។
គួរបញ្ជាក់ដែរថា បន្ទាប់ពីការប្រកួតទាំងបួន ក្នុងវគ្គ១/៤បានបញ្ចប់ ក្រុមបាល់ទាត់មកពីប្រទេសអេស្ប៉ាញ អង់គ្លេស និងអ៊ីតាលី សុទ្ធតែត្រូវបានជម្រុះចេញទាំងអស់។ នៅសល់តែក្រុមបាល់ទាត់ តែបួនប៉ុណ្ណោះ របស់ប្រទេសបារាំង និងអាល្លឺម៉ង់ ដែលនៅតតាំងនឹងគ្នា រហូតដល់វគ្គផ្ដាច់ព្រ័ត្រ៕