បាល់ទាត់

«ឆ្មារមួយក្បាល ដើរបង្ហាញរាង»​នៅក្នុង​ការប្រកួត​បាល់ទាត់ នៅអង់គ្លេស

នៅខណៈពេលក្រុម «Everton» និងក្រុម «Wolverhampton» កំពុងប្រកួតសម្រាប់ក្របខណ្ឌបូកពិន្ទុ «Premier League» ដណ្ដើមជើងឯក​នៅអង់គ្លេស ឆ្មារមួយក្បាល បានដើរចូលក្នុងក្នុងទីលានប្រកួត នៃកីឡដ្ឋាន «Goodison Park» បណ្ដាលឲ្យការប្រកួតរវាងក្រុមទាំងពីរ ត្រូវបានកាច់ផ្ដាច់អស់រយៈពេល ប្រមាណជា២នាទី ក្នុងយប់ថ្ងៃអាទិត្យកន្លងមក។

ការរត់ចូលក្នុងទីលានប្រកួត បានកើតឡើងនៅនាទីទី ៦៦ ពោលគឺនៅប៉ុន្មាននាទី ក្រោយគ្រាប់បាល់ទីបី របស់ក្រុម «Wolverhampton»។ ឆ្មារមួយក្បាល ដែលមានសម្បុរពណ៌ខ្មៅនេះ បានប្រើពេលមួយសន្ទុះ ដើម្បីដើរកាត់ព្រលាន និងឲ្យបណ្ដាអ្នកគាំទ្រក្រុម «Everton» បានឃើញដំណើររបស់វា មុននឹងវាវិលត្រឡប់ ចូល​ទៅក្នុងអាគារវិញ។

ប៉ុន្តែយ៉ាងហោចណាស់ វត្តមានរបស់សត្វឆ្មារខ្មៅ បានផ្ដល់អារម្មណ៍ប្លែក ប្រសើរជាងបរាជ័យរបស់ក្រុម «Everton» ដែលបានប្រកួតចាញ់ក្រុម «Wolverhampton» ក្នុងពិន្ទុ ១-៣ នៅក្នុងផ្ទះរបស់ខ្លួន។ អ្នកគាំទ្រខ្លះ ថែមទាំងចំអកឲ្យក្រុមខ្លួនឯងទៀតថា ដំណើររបស់សត្វឆ្មារ ហាក់មានភាពស្វាហាប់ជាងបណ្ដាកីឡាករ ដែលកំពុងធ្វើការប្រកួតនោះទៀតផង៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។