បាល់ទាត់

លីយ៉ូនែល ម៉េស៊ី មិនបន្តនៅ បាសឺឡូន ទៀតទេ !

ម្ចាស់បាល់មាស់៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) មិនបន្តនៅជាមួយ ក្រុម បាសឺឡូន (FC Barcelone) ទៀតទេ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមអ្នកមានបុណ្យ ដែលចេញផ្សាយ នៅយប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី៥ ខែសីហា ឆ្នាំ២០២១នេះ។

ក្រុម បាសឺឡូន បានសរសេរឲ្យដឹងថា៖

«បើទោះជាមានកិច្ចព្រមព្រៀង រវាងក្រុមបាល់ទាត់ បាសឺឡូន និងកីឡាករ ឡេអូ ម៉េស៊ី ព្រមទាំងឆន្ទះ​ដ៏ច្បាស់លាស់ នៃភាគីទាំងពីរ ដើម្បីចុះកិច្ចសន្យា​ថ្មីមួយ​ទៀតក៏ដោយ តែកិច្ចសន្យានេះ មិនអាចមានរូបរាងជាផ្លូវការបាន ដោយសារ​ឧបសគ្គ បណ្ដាលមកពីមូលហេតុសេដ្ឋកិច្ច និងលក្ខន្តិកៈ នៃស្ថាប័នរៀបចំការប្រកួតបាល់ទាត់អាជីព របស់ប្រទេស​អេស្ប៉ាញ។»

ក្រុមអ្នកមានបុណ្យ បន្តថា៖

«នៅចំពោះស្ថានភាពនេះ លីយ៉ូនែល ម៉េស៊ី នឹងមិននៅជាមួយក្រុម បន្តទៀតទេ។ ភាគីទាំងសងខាង សំដែង​ការសោកស្ដាយ យ៉ាងជ្រាលជ្រៅ ដែលទៅបំផុតទៅ បំណងរបស់កីឡាករ និងក្រុមបាល់ទាត់ មិនអាចសម្រេច​ចេញ ជារូបរាងបាន។»

បន្ទាប់ពីបញ្ចប់កិច្ចសន្យា ជាមួយក្រុម បាសឺឡូន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ទាំងភាគីកីឡាករ និងក្រុម​បាល់ទាត់ បានធ្វើការចរចាគ្នា​យ៉ាងស្វិតស្វាញ ដើម្បីឈានទៅចុះកិច្ចសន្យាថ្មីទៀត។ សារព័ត៌មានខ្លះ បាន​អះអាងថា ក្នុងការចរចានោះ កីឡាករ ម៉េស៊ី បានស្ម័គ្រចិត្ត​កាត់បន្ថយ​ប្រាក់ខែខ្លួន មកនៅត្រឹមតែពាក់កណ្ដាល។ តែនៅថ្ងៃ​ព្រហស្បត្តិ៍​នេះ កិច្ចសន្យាថ្មីដែលហៀបនឹងត្រូវបានចុះហត្ថលេខា ដោយភាគីទាំង​សងខាង​ទៅហើយ តែបែរជាបាន​«រលូត»បាត់ទៅវិញ។

កាសែត«Marca» បានបញ្ជាក់ថា នោះគឺដោយសារកីឡាករ ម៉េស៊ី មិនពេញចិត្តនឹងគម្រោងកីឡា ទៅអនាគត​របស់​ក្រុមអ្នកមានបុណ្យ។ រីឯកាសែត«Sport» បានលើកឡើងថា បញ្ហាបណ្ដាលមកពីក្រុម​ បាសឺឡូន មានកម្រិតប្រាក់​បៀវត្សរ៍សរុប រហូតដល់១៨៧លានអ៊ឺរ៉ូ ដែលច្រើនហួស ពីការកំណត់​របស់ស្ថាប័ន​រៀបចំការប្រកួតបាល់ទាត់អាជីព អេស្ប៉ាញ។

លីយ៉ូនែល ម៉េស៊ី កំពូលកីឡាករជាតិអាហ្សង់ទីន បានចូលមកទាត់ឲ្យក្រុម បាសឺឡូន នៅឆ្នាំ២០០០ នៅពេល​កីឡាករ​ទើបនឹង​មានអាយុ១៣ឆ្នាំ។ តាំងពីពេលនោះមក កីឡាករបានចេញប្រកួតសរុប មានចំនួន៧៧៨ប្រកួត ក្នុងនោះរកបានគ្រាប់បាល់ ៦៧២គ្រាប់ និងបញ្ជូនបាល់​ឲ្យទាត់បញ្ចូលទី មានចំនួន៣០៥ដង៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។