នៅសហរដ្ឋអាមេរិក និងនៅអ៊ឺរ៉ុបខាងលិច កាយវិការ«ផឹកតែ»ដើម្បីអបអរគ្រាប់បាល់ របស់នាង «Alex Morgan» ខ្សែប្រយុទ្ធក្រុមបាល់ទាត់អាមេរិក បានបង្កឲ្យផ្ទុះភាពសប្បាយរីករាយមិនតិចទេ នៅលើបណ្ដាញសង្គម និងនៅតាមសារព័ត៌មាន។
មូលហេតុ? ព្រោះគ្រាប់បាល់ របស់កីឡាការិនីខ្សែប្រយុទ្ធអាមេរិក រកបាននៅក្នុងការប្រកួត វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមជម្រើសជាតិ របស់ចក្រភពអង់គ្លេស ដែលជាប្រជាជាតិល្បីខាង«ផឹកតែ» ជាជាងប្រទេសណាទាំងអស់។
ខាងក្រោមនេះ ជាការជ្រើសរើសរូបភាពទាំងឡាយ ដែលជាការសើចសប្បាយ លាយឡំនឹងការចំអក របស់បណ្ដាញផ្សព្វផ្សាយ និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម។
សូមបញ្ជាក់ដែរថា ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រី របស់សហរដ្ឋអាមេរិក បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោកឆ្នាំនេះ ដែលកំពុងប្រពឹត្តិទៅ ក្នុងប្រទេសបារាំង។ អាមេរិកដែលជាម្ចាស់ពានពិភពលោក ឆ្នាំ២០១៥ បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មី បន្ទាប់ពីបានបំបាក់ក្រុមជម្រើសជាតិអង់គ្លេស កាលពីយប់ថ្ងៃទី២ ខែកក្កដា ដោយពិន្ទុ២-១ ក្នុងនោះគ្រាប់បាល់ទីពីរ រកបានដោយកីឡាការិនីខាងលើ៕