ប្រដាល់

កីឡាកាស៖ «Silver King» គាំង​បេះដូង​ស្លាប់ នៅក្នុង​ពេល​ប្រកួត

ពិភពកីឡាចំបាប់សេរី ឬហៅថា កីឡាកាស (បារាំងហៅ Catch អង់គ្លេសហៅ Wrestling) បានបាត់បង់កីឡាករល្បីម្នាក់ កាលពីយប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ក្នុងការប្រកួតបែបមិត្តភាពមួយ នៅរាជធានីឡុងដ៍ នៃចក្រភពអង់គ្លេស។ កីឡាករដែលមានរហស្សនាម «Silver King» ជនជាតិម៉ិចស៊ិក បានរងគ្រោះនឹងអាការៈគាំងបេះដូង នៅក្នុងការប្រកួត និងបានស្លាប់នៅពេលបន្ទាប់មក។

លោក «César Cuauhtémoc González Barrón » ដែលជាឈ្មោះពិតរបស់កីឡាករ បានទទួលមរណភាព ក្នុងអាយុ៥១ឆ្នាំ បន្ទាប់ពីលោកបានជួបប្រកួត ជាមួយកីឡាករជាតិម៉ិកស៊ិកដូចគ្នា គឺកីឡាករ «Juventud Guerrera»។

រូបភាពវីដេអូ នៃការប្រកួតរវាងកីឡាករទាំងពីរ បានបង្ហាញពីអាការៈមិនស្រួលរបស់កីឡាករ «Silver King» ដែលដំបូងឡើយ មានប្រៀបលើគូប្រកួតរបស់ខ្លួន។ កីឡាកររងគ្រោះ ថែមទាំងបានព្យាយាមងើបមកវិញ ប៉ុន្តែសភាពជំងឺទាន់ហន់ បានធ្វើឲ្យកីឡាករបាត់មាត់បាត់ក និងដេកនៅលើសង្វៀនរហូត។

អាជ្ញាកណ្ដាល ដែលមិនបានគិតដល់ ពីអាការៈខាងលើ មិនបានធ្វើប្រតិកម្មភ្លាមៗទេ។ ក្រុមអ្នកជួយសង្គ្រោះបានមកដល់ និងព្យាយាមធ្វើចលនាបេះដូង ឲ្យកីឡាករកម្រើកឡើង។ តែកីឡាករបានដាច់ខ្យល់ រួចស្រេចទៅហើយ។

សម្រាប់អាជ្ញាធរវិញ បានអះអាងថា មរណភាពខាងលើ​មិនបានបង្ក ឲ្យមានការសង្ស័យអ្វីផ្សេង ក្រៅពីបញ្ហាសុខភាពផ្ទាល់ របស់កីឡាករនោះឡើយ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។