ការប្រកួតបានចាប់ផ្ដើម ប្រមាណតែ«២៩វិនាទី»ប៉ុណ្ណោះ តែកីឡាករអាមេរិក «Sage Northcutt» បានរងមួយដៃរបស់គូប្រកួត ធ្វើឲ្យកីឡាករវ័យ២៣ឆ្នាំរូបនេះ ដួលបះជើង នៅលើសង្វៀន «One FC» ក្របខណ្ឌគុនចម្រុះ «MMA» កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងប្រទេសសិង្ហបូរី។
តែមួយដៃរបស់គូប្រកួត កីឡករប្រេស៊ីល «Cosmo Alexandre» គ្រប់គ្រាន់នឹងធ្វើឲ្យកីឡករ «Sage Northcutt» ត្រូវធ្វើការវះកាត់ជាបន្ទាន់ និងដាក់ដែកទ្រឆ្អឹងមុខ ចំនួន៨កន្លែង។
តាមពិតទៅ បន្ទាប់ពីរងមួយដៃយ៉ាងធ្ងន់នោះរួច កីឡាករអាមេរិកបានដួលដេកលើសង្វៀន តែបានព្យាយាមងើបមកវិញ ដើម្បីអនុញ្ញាតឲ្យអាជ្ញាកណ្ដាលប្រកាសលទ្ធផល។ តែចេញពីការប្រកួតនោះ កីឡាករត្រូវបញ្ជូនទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យជាបន្ទាន់ ក្នុងប្រទេសសិង្ហបូរី។
នៅលើទំព័រអ៊ិនស្ដាហ្គ្រាម កីឡាករបានបង្ហោះរូបពីរសន្លឹក ដើម្បីប្រាប់អ្នកគាំទ្រ អំពីស្ថានភាពរបស់ខ្លួន នៅក្រោយពីការវះកាត់ដ៏យូរមួយ។ អមជាមួយរូបថតទាំងនេះ កីឡាករ «Sage Northcutt » បានសរសេរបែបកំប្លែងថា៖
«[ខ្ញុំ]ទើបវះកាត់រួច។ ខ្ញុំរងការបាក់ឆ្អឹង៨កន្លែង និងត្រូវធ្វើការវះកាត់ យ៉ាងហ្មត់ចត់ ក្នុងរយៈពេល៩ម៉ោង។ ខ្ញុំមានអារម្មណ៍ថា មានសំណាងណាស់ និងសូមអរគុណក្រុមគ្រូពេទ្យ ដែលបានផ្ដល់ឲ្យខ្ញុំ នូវការព្យាបាលដ៏អស្ចារ្យ។»
«មុខមនុស្សយន្ដរបស់ខ្ញុំ មិនជាអាក្រក់ណាស់ណាទេ។ តែខ្ញុំនឹងត្រឡប់មកវិញ។ ខ្ញុំនឹងបង្ហោះលើកក្រោយទៀត បន្ទាប់ពីបំពង់ទុយោ[ចាក់ថ្នាំ-ដកដង្ហើម]ទាំងនេះ ត្រូវបានដកចេញរួចរាល់៕»
» សូមប្រយ័ត្ន! រូបភាពអាចប៉ះពាល់ដល់អារម្មណ៍៖