ពិភពលោក

ការស្លាប់របស់ ជច៍ ផ្លយ៖ ស្ត្រីពិការ​ជិះ​រទេះ​ម្នាក់ រង​ការ​វាយប្រហារ

រូបភាពដ៏តក់ស្លុត នៅក្នុងវីដេអូជាច្រើន ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញ​សង្គម បង្ហាញថា ស្ត្រីពិការ​ជិះ​រទេះ​ម្នាក់ ត្រូវបានក្រុមមនុស្ស វាយតប់ បន្ទាប់ពីស្ត្រីរូបនេះ ប៉ុនប៉ង​រារាំង​ពួកគេ មិនឲ្យចូលទៅលួចឆក់ឥវ៉ាន់ ឬទំនិញ នៅក្នុងហាង «Target» ក្នុង​ក្រុង «Minneapolis» ភាគខាងជើងសហរដ្ឋអាមេរិក

ហេតុការណ៍លួចឆក់នេះ បានផ្ទុះឡើង បន្ទាប់ពីបាតុកម្មរបស់មហាជន ដែលបាន​ប្រែក្លាយ ជាការប្រឈមមុខ រវាងក្រុមបាតុករ និងកងកម្លាំងនគរបាលក្រុង។

បាតុកម្ម​ជាច្រើននោះ ត្រូវបានរៀបចំ​ធ្វើ ដើម្បីសំដែងការក្ដៅក្រហារ នៅចំពោះ​មរណភាព របស់​បុរស​អាមេរិកាំង​-ស្បែកខ្មៅម្នាក់ លោក ជច៍ ផ្លយ (George Floyd) កាលពីយប់ថ្ងៃចន្ទ ទី២៥ ខែឧសភា ក្រោយពីបុរសអាយុ៤៦ឆ្នាំរូប ត្រូវបានឃាត់ខ្លួន យ៉ាងហិង្សា ដោយភ្នាក់ងារ​នគរបាល ៤នាក់។

មរណភាព នៃបុរសអាមេរិកាំង-ស្បែកខ្មៅ បានធ្វើឲ្យនាយនគរបាលក្រុង សម្រេចដក​នគរបាល​ទាំងបួននាក់ ចេញពីការងារ កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ខណៈ​ការិយាល័យ ស៊ើបអង្កេត​សហព័ន្ធ «FBI» បានបើកសំនុំរឿងមួយឡើង ដើម្បីធ្វើការ​ស៊ើបអង្កេត ទៅលើ​មរណភាព​ខាងលើ។

ផ្ទុយពីចំណាត់ការខាងលើ បណ្ដាជនទំនងជាមិនបានបាត់បង់កំហឹង របស់ពួកគេទេ ដោយបាននាំគ្នា ចេញដើរតាមផ្លូវ ដង្ហែជាក្បួន ធ្វើបាតុកម្មជាច្រើន ទាំងនៅក្នុងក្រុង «Minneapolis» និងតំបន់មួយចំនួនទៀត នៃសហរដ្ឋអាមេរិក។ ប៉ុន្តែបាតុកម្មខ្លះ​ទាំងនោះ បានប្រែក្លាយ​ជាកុបកម្ម បង្កឲ្យមានការប៉ះទង្គិច យ៉ាងហិង្សា រវាងក្រុមបាតុករ និងកងកម្លាំង នៅវេលាល្ងាច និងយប់ឡើង៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។