សង្គ្រាមនៅអ៊ុយក្រែន ៖ សហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃសុក្រទី១៨ ខែសីហានេះ ឲ្យបញ្ជូនយន្តហោះសង្គ្រាម«F-16» តាមរយៈប្រទេសដាណឺម៉ាក និងហូឡង់ ទៅឲ្យប្រទេសអ៊ុយក្រែន។ នេះបើការសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។
ការបញ្ជូនសព្វាវុធដ៏ទំនើបប្រភេទនេះ នឹងធ្វើឡើង នៅពេលណាទាហានអ៊ុយក្រែន ត្រូវបានហ្វឹកហាត់ និងចេះបើកបររួចស្រេចបាច់។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា ប្រទេសដាណឺម៉ាក និងហូឡង់ បានទទួលនូវ«ការធានាដ៏ជាក់លាក់» ជុំវិញការសម្រេចខាងលើ។
មន្ត្រីអ្នកនាំពាក្យបានបន្តថា៖
«តាមរបៀបនេះ អ៊ុយក្រែននឹងអាចទាញយកអត្ថប្រយោជន៍ពេញលេញ ពីសមត្ថភាពថ្មីរបស់ខ្លួនបានភ្លាមៗ នៅពេលដែលអាកាសយានិកក្រុមទីមួយ បានបញ្ចប់ការបណ្តុះបណ្តាលរបស់ពួកគេ។ យន្តហោះចម្បាំង F-16 នឹងរួមចំណែកដល់សមត្ថភាពការពារ និងការទប់ទល់របស់អ៊ុយក្រែន។»
សហរដ្ឋអាមេរិកមានច្បាប់តឹងរឹងណាស់ លើការលក់បន្ត ឬការផ្ទេរសព្វាវុធយោធាអាមេរិក ដោយសម្ព័ន្ធមិត្តរបស់ផងខ្លួន។
ថ្ងៃបញ្ចប់វគ្គហ្វឹកហ្វឺន របស់ទាហានអាកាសយានិកអ៊ុយក្រែន មិនទាន់ឲ្យដឹងនៅឡើយ ក្នុងពេលភ្លាមៗ។ ប៉ុន្តែ ការហ្វឹកហ្វឺន នឹងត្រូវចាប់ផ្ដើមក្នុងខែសីហានេះ ក្រោមការគ្រប់គ្រងរបស់ក្រុមសម្ព័ន្ធមិត្ត ដែលមាន១១ប្រទេស។
អ្នកទទួលខុសត្រូវ ដែលស្រង់សំដីដោយ «AFP» បានសំដែងក្ដីសង្ឃឹមថា អាកាសយានិកអ៊ុយក្រែន នឹងបញ្ចប់ការបណ្តុះបណ្តាលរួចរោល ហើយអាចធ្វើការបញ្ជារយន្ដហោះ «F-16» នៅដើមឆ្នាំក្រោយ។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiï Reznikova បានសំដែងការអបអរ ដោយហៅការសម្រេចខាងលើ របស់សហរដ្ឋអាមេរិក ថាជា«ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ»។
រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសហូឡង់ អ្នកស្រី Kajsa Ollongren ក៏លើកឡើងប្រហាក់ប្រហែលគ្នា។ តែអ្នកស្រី បានបញ្ជាក់តាមទីភ្នាក់ងារព័ត៌មានហូឡង់ «ANP» ថា គេត្រូវប្រើរយៈពេលច្រើនខែទៅមុខ ដើម្បីអនុញ្ញាតឲ្យប្រទេសហូឡង់ អាចបញ្ជូនយន្តហោះ «F-16» ទៅឲ្យក្រុង គៀវ៕