ពិភពលោក

សង្គ្រាម​នៅអ៊ុយក្រែន៖ EU ផ្អាកការផ្សាយរបស់ «ប្រព័ន្ធផ្សព្វផ្សាយ​រ៉ុស្ស៊ី​»

នៅថ្ងៃទី៤ នៃសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដោយកងទ័ពរ៉ូស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយ​រ៉ុស្ស៊ី​ ឬ​ដែលស្និត​នឹងវិមានក្រឹមឡាំង ត្រូវបានសហភាពអ៊ឺរ៉ុប «EU» សម្រេចឲ្យផ្អាកការផ្សាយរបស់ខ្លួន នៅលើទឹកដីនៃសមាជិកទាំង២៧ប្រទេស​ របស់សហភាព។

បម្រាមនេះត្រូវបានប្រកាសឡើង ដោយអ្នកស្រី «Ursula von der Leyen» ប្រធានគណៈកម្មការអ៊ឺរ៉ុប (នីតិប្រតិបត្តិដឹកនាំ EU) នៅរសៀលថ្ងៃអាទិត្យ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ពីរាជធានី ព្រុយហ្សែល (ប្រទេសប៊ែលហ្សិក) ដើម្បីអ្វីមួយ ដែលអ្នកស្រីពន្យល់ថា ជាការទប់ស្កាត់ «ការបំភ្លៃព័ត៌មាន»​ដែល«ញាក់ខ្សែ» ដោយរដ្ឋាភិបាលក្រុង មូស្គូ។

ប្រព័ន្ធផ្សព្វផ្សាយ​រ៉ុស្ស៊ី​ ដែលរងការប៉ះពាល់ដោយផ្ទាល់ គឺបណ្ដាញទូរទស្សន៍ «Russia Today» និងទីភ្នាក់ងារព័ត៌មាន «Sputnik» ដែលទទួលថវិកាពីរដ្ឋាភិបាលរ៉ុស្ស៊ី។ ប៉ុន្តែនៅមានបណ្ដាញ​ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ក៏ត្រូវបានសហភាពអ៊ឺរ៉ុបចាត់ចូល ក្នុងមុខសញ្ញាដែលរងការហាមឃាត់ដែរ។

នៅក្នុងសន្និសីទសារព័ត៌មានវិសាមញ្ញ ដែលធ្វើឡើងក្នុងស្នាក់ការកណ្ដាល របស់សហភាពអ៊ឺរ៉ុប អ្នកស្រី «Ursula von der Leyen» ថ្លែងឲ្យដឹងថា៖

«យើងនឹងធ្វើការហាមឃាត់ ប្រដាប់ឃោសនារបស់ក្រឹមឡាំង នៅក្នុងសហភាពអ៊ឺរ៉ុប។ ប្រព័ន្ធផ្សព្វផ្សាយ ដែលស្និតនឹងប្រទេសរ៉ុស្ស៊ី មានជាអាទិ៍ “Russia Today” និង “Sputnik” ក៏ដូចជាបណ្ដាញរបស់ពួកគេ នឹង​មិន​អាចផ្សាយការកុហករបស់​ពួក​គេ ​ដើម្បី​បង្ហាញ​ពី​ភាពត្រឹមត្រូវ​ នៃ​សង្គ្រាម​របស់​ពូទីន​បាន​ទៀត​ទេ។»

សម្រាប់លោក «Josep Borrell» អនុប្រធានគណៈកម្មការអ៊ឺរ៉ុប បានពន្យល់បន្ថែមថា៖

«ពូទីន មិនត្រឹមតែឈ្នះបានទឹកដីនោះទេ ប៉ុន្តែគាត់ក៏ចង់យកឈ្នះចិត្តនោះដែរ។ តាមរយៈការកាត់ផ្តាច់ “Russia Today” និង “Sputnik” នៅក្នុងសហភាពអ៊ឺរ៉ុប ដូចបានន័យថា យើងកំពុងកាត់ក្បាលពស់ ដ៏អសិរពិសដូច្នេះដែរ។»

នៅចំពោះការប្រកាស របស់ប្រធានគណៈកម្មការអ៊ឺរ៉ុប អ្នកស្រី «Margarita Simonian» ចាងហ្វាងការផ្សាយ របស់ស្ថាប័នផ្សព្វផ្សាយរ៉ុស្ស៊ីទាំងពីរខាងលើ គ្រាប់តែលើកឡើង​នៅតាមបណ្ដាញសង្គមថា បណ្ដាញទូរទស្សន៍ «Russia Today» និងទីភ្នាក់ងារព័ត៌មាន «Sputnik» នឹងនៅបន្តធ្វើការងាររបស់ខ្លួន ដោយគ្មានការផ្លាស់ប្ដូរអ្វីឡើយ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។