ពិភពលោក

ហ្វាំងឡង់ ប្រកាសចូលអង្គការ«NATO»​ដោយ​«មិនបង្អង់ពេល»

នេះ ជាផលវិបាកមួយទៀត ដែលទំនងជារដ្ឋាភិបាលរ៉ុស្ស៊ី របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) មិនបានគិតដល់ នៅមុនសម្រេចលើកទ័ព វាយឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ប្រទេសហ្វាំងឡង់ ដែលមានព្រំដែនប្រមាណជា ១៣០០គីឡូម៉ែត្រ ជាប់ខាងលិចប្រទេសរ៉ុស្ស៊ី បានប្រកាសចូលជាសមាជិក របស់អង្គការ«NATO» ដោយ«មិនបង្អង់ពេល»។

មកទលនឹងថ្ងៃនេះ ប្រទេសហ្វាំងឡង់ ដែលមានប្រជាជនត្រឹមតែ៥,៥លាននាក់ រួមនឹងប្រទេសស៊ុយអែដផង បានប្រកាន់ភាពអព្យាក្រឹត្យរបស់ខ្លួន មិនមានទំនោរ នៅក្នុងជម្លោះយោធាណាមួយទេ ព្រមទាំងបានប្រកាស ដាក់ខ្លួននៅខាងក្រៅអង្គការយោធា-នយោបាយមួយនេះថែមទៀត។

ប៉ុន្តែនៅក្រោយសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដោយកងទ័ពរ៉ុស្ស៊ី ស្ថានភាពភូមិសាស្ត្រនយោបាយ បានផ្លាស់ប្ដូរ ហើយពលរដ្ឋហ្វាំងឡង់ភាគច្រើនលើសលប់ (៣ភាគ៤) បានសម្រេចឲ្យប្រទេសខ្លួន ក្លាយខ្លួនជាសមាជិករបស់អង្គការ«NATO» ឬហៅឈ្មោះពេញ ជាអង្គការ«សន្ធិសញ្ញាអាត្លង់ទិកខាងជើង» ដែលមកដល់ពេលនេះ មានសមាជិក៣០ប្រទេសរួចហើយ។

នោះជាអ្វី ដែលរដ្ឋាភិបាលក្រុង«Helsinki» (រដ្ឋធានីរបស់ប្រទេសហ្វាំងឡង់) បានប្រកាសក្នុងថ្ងៃព្រហស្បត្តិ៍ ទី១២ ខែឧសភានេះ ដើម្បីចូលជាសមាជិករបស់អង្គការ «NATO» ដោយ«មិនបង្អង់ពេល»។ គេរំពឹងថា នៅប៉ុន្មានថ្ងៃខាងមុខ ប្រទេសស៊ុយអែដក៏នឹងទំនងជា ដើរតាមលំអាន​នេះដែរ ហើយបើមិនមានការប្រែប្រួលទេ ប្រទេសទាំងពីរនឹងដាក់សមាជិកភាពរបស់ខ្លួនជាផ្លូវការ ដើម្បីចូលក្នុងអង្គការយោធា-នយោបាយខាងលើ នៅថ្ងៃអាទិត្យនេះ និងនៅដើមសប្ដាហ៍ក្រោយ។

ភ្លាមៗ ក្រោយការប្រកាសរបស់រដ្ឋាភិបាលហ្វាំងឡង់ បណ្ដាប្រទេសមហាអំណាច ដែលជាសហស្ថាបនិករបស់អង្គការខាងលើ មានសហរដ្ឋអាមេរិក សាធារណរដ្ឋបារាំង និងចក្រភពអង់គ្លេស បានប្រកាសសម្ដែងការគាំទ្ររបស់ផងខ្លួន ចំពោះជំហរខាងលើ របស់ប្រទេសអ៊ឺរ៉ុបខាងជើងទាំងពីរ។

ប៉ុន្តែការប្រកាសរបស់ក្រុង «Helsinki» បានបង្កឲ្យមានប្រតិកម្ម ពីក្រុងម៉ូស្គូ ដោយបានព្រមានថា ប្រទេសខ្លួននឹងត្រូវបង្ខំចិត្ត ចាត់វិធានការតបវិញ ជាពិសេសវិធានការទាក់ទង នឹង«បច្ចេកទេសយោធា» រួមនឹងវិធានការផ្សេងទៀត ដើម្បីដោះស្រាយការគំរាមកំហែង ចំពោះសន្តិសុខជាតិរ៉ុស្ស៊ី។

ក្រសួងការបរទេសរ៉ុស្ស៊ី បានបញ្ជាក់ទៀតថា៖

«ការចូលជាសមាជិក របស់អង្គការណាតូ ដោយប្រទេសហ្វាំងឡង់ នឹងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងទ្វេភាគីរុស្ស៊ី-ហ្វាំងឡង់ និងគំរាមកំហែងដល់ ការរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អឺរ៉ុបខាងជើង។»

គួរបញ្ជាក់ដែរថា រាប់តាំងពីសង្គ្រាមឈ្លានពាន​ប្រទេសអ៊ុយក្រែន​​ចាប់ផ្ដើមមក យន្ដហោះប្រដេញ និងឧទ្ធម្ភាគចក្រយោធារ៉ុស្ស៊ី ជាច្រើនគ្រឿង បានហោះរំលោភជាញយដង ចូលក្នុងដែនអាកាស​របស់ប្រទេសស៊ុយអែដ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។