ពិភពលោក

សង្គ្រាមនៅអ៊ុយក្រែន៖ ហ្សេឡេនស្គី បន្តថ្លែង​ក្នុងរដ្ឋសភា​នៃប្រទេសធំៗ

ប្រធានាធិបតី​នៃប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បន្តថ្លែង​ក្នុងរដ្ឋសភា​នៃប្រទេសធំៗ នៅបស្ចឹមលោក​ជាបន្តទៀត។ ក្នុងថ្ងៃអាទិត្យនេះ លោកនឹងថ្លែងតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងរដ្ឋសភានៃប្រទេស អ៊ីស្ត្រាអែល មុននឹងបន្តធ្វើ​ដូចគ្នានេះ នៅថ្ងៃពុធសប្ដាហ៍ក្រោយ ក្នុងរដ្ខសភា​នៃប្រទេសបារាំង។

លោក «Richard Ferrand» ប្រធានារដ្ឋសភាបារាំង បានអះអាងពីការថ្លែង របស់ប្រធានាធិបតី​នៃប្រទេសអ៊ុយក្រែន ដោយនឹងត្រូវចាប់ផ្ដើមធ្វើ ពីម៉ោង៣រសៀល​ឡើងទៅ នៅថ្ងៃពុធទី២៣ ខែមីនា ឆ្នាំ២០២២ខាងមុខ។

សេចក្ដីប្រកាសព័ត៌មាន របស់ខុទ្ទកាល័យប្រធានរដ្ឋសភាបារាំង បានឲ្យដឹងថា៖

«ស្ថានភាពសង្គ្រាម ដែលវាយប្រហារ ទៅលើប្រជាជនអ៊ុយក្រែន បង្កភាពតក់ស្លុតជាខ្លាំង ដល់បណ្ដាប្រជាជាតិនានា នៅអ៊ឺរ៉ុប និងសភាតំណាងរាស្ត្រ​របស់ពួកគេ។»

សង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន បានឈានមកដល់ថ្ងៃទី២៤ ហើយរាប់ពីថ្ងៃចាប់ផ្ដើម ថ្ងៃទី២៤ ខែកុម្ភៈ មកដល់នឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

ប្រសិនជារដ្ឋធានីគៀវ និងទីក្រុងធំៗរបស់ប្រទេសអ៊ុយក្រែន ស្ថិតក្នុងការឡោមព័ន្ធ តែនៅមិនចាញ់មិនឈ្នះ នៅឡើយនោះ លោកប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន បាននិងកំពុងធ្វើ​សង្គ្រាមការទូត នៅជុំវិញពិភពលោក ដោយស្វែងរកការគាំទ្រ ពីបណ្ដាប្រទេសនានា តាមរយៈការថ្លែង ទៅកាន់ប្រជាជាតិនានា នៅក្នុងរដ្ឋសភារបស់ពួកគេ។

កាលពីថ្ងៃទី១ ខែមីនា លោក ហ្សេឡេនស្គី បានថ្លែងរួចហើយ ក្នុងសភាអ៊ឺរ៉ុប នៅចំពោះតំណាងរាស្ត្រអ៊ឺរ៉ុប​ជាច្រើនរយនាក់។ បន្ទាប់មក លោកបានបន្តការថ្លែង នៅក្នុងរដ្ឋសភា​នៃចក្រភពអង់គ្លេស កាណាដា សហរដ្ឋអាមេរិក និងរដ្ឋសភា​នៃប្រទេសអាល្លឺម៉ង់៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។