ពិភពលោក

វីដេអូ​បង្ហាញ​ទិដ្ឋភាព​នៃ​ការបាញ់​បង្ក្រាប​ខ្មាន់កាំភ្លើង នៅ​«Dayton»

បុរសអាយុ២៤ឆ្នាំ ដែលមានពាក់អាវការពារគ្រាប់ និងប្រដាប់ដោយកាំភ្លើងវែងមួយដើម រួមនឹងបង់គ្រាប់ជាច្រើននោះ បានបើកការ​បាញ់ប្រហារ ទៅលើហ្វូងមនុស្ស នៅក្នុងសង្កាត់ «Oregon» នៃក្រុង «Dayton» រដ្ឋអូហៃយ៉ូ (Ohio) នៅវេលាម៉ោងប្រមាណជា ១ទាបភ្លឺ យប់ថ្ងៃសៅរ៍ ទី៣ ចូលមកថ្ងៃអាទិត្យ ទី៤ ខែសីហានេះ។

សកម្មភាព របស់ខ្មាន់កាំភ្លើងរូបនេះ មានរយៈពេល ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ មុននឹងត្រូវក្រុមអាជ្ញាធរ ដែលមានវត្តមាននៅក្បែរនោះស្រាប់ បាញ់បង្ក្រាបឲ្យស្លាប់ នៅនឹងកន្លែង។ ប៉ុន្តែប៉ុន្មានវិនាទីនេះ គ្រប់គ្រាន់នឹងធ្វើឲ្យមនុស្ស ៩នាក់ស្លាប់ និង២៧នាក់ផ្សេងទៀតរងរបួស។

រូបភាពខាងក្រោម ដែលយកចេញពីកាម៉េរ៉ាសុវត្ថិភាព នៃបណ្ដាហាងជុំវិញកន្លែងកើតហេតុ បានបង្ហាញពីទិដ្ឋភាព នៃរត់ជ្រួលច្របល់ របស់បណ្ដាជន នៅតាមដងផ្លូវ ដែលត្រូវបានដេញពីក្រោយ ដោយខ្មាន់កាំភ្លើង។ តែជននេះ ត្រូវបានបាញ់សម្លាប់ នៅពេលធ្វើសកម្មភាព មកដល់ចំណុងមួយ (រូបថតខាងលើ) ដែលជាអន្ទាក់របស់ក្រុមអាជ្ញាធរ។

ការបាញ់ប្រហារនេះ កើតឡើងនៅរយៈពេល១៣ម៉ោង ក្រោយការបាញ់ប្រហារដ៏រង្គាល ក្នុងក្រុង «El Paso» បានធ្វើឲ្យមនុស្ស២២នាក់ស្លាប់ (តុល្យភាពថ្មី) និងជាង២០នាក់ផ្សេងទៀតរងរបួស។ ហើយវាក៏ជាព្រឹត្តិកាណ៍បាញ់បោះ លើកទី២៥១ នៅសហរដ្ឋអាមេរិក បើរាប់តាំងពីដើមឆ្នាំ២០១៩នេះមក និងបានធ្វើឲ្យតួលេខសរុប នៃមនុស្សស្លាប់ មានរហូតដល់ទៅ៥៣១នាក់៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។