បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក «Jon Ossoff» បានឈ្នះយ៉ាងប្រផិតប្រផើយ លើលោក «David Perdue» សមាជិកព្រឹទ្ធសភាចប់អាណត្តិ និងជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាជុំទីពីរ ក្នុងរដ្ឋ«Georgia» ភាគខាងត្បូងសហរដ្ឋអាមេរិក។ នេះ បើតាមការអះអាង របស់«CNN»។
គម្លាតសន្លឹកឆ្នោតជុំទីពីរ រវាងបេក្ខជនទាំងពីរ មិនខុសគ្នាច្រើនប៉ុន្មានទេ ហើយការរាប់សន្លឹកឆ្នោតឡើងវិញ ក៏ទំនងជាអាចកើតមានដែរ។ បើតាមលទ្ធផលស្ទាបស្ទង់ បានឲ្យដឹងថា លោក «Jon Ossoff» ទទួលបានសម្លេងឆ្នោត ៥០.២៨% ខណៈលោក «David Perdue» ទទួលបាន ៤៩.៧២%។
ជាប្រពៃណីកន្លងមក រដ្ឋ«Georgia»តែងផ្ដល់សន្លឹកឆ្នោត និងឲ្យជ័យជំនះ ទៅបេក្ខជនមកពីគណបក្សសាធារណរដ្ឋ។
តែបើសិនជាជ័យជំនះ របស់លោក «Jon Ossoff» ត្រូវបានប្រកាសឡើង ជាផ្លូវការមែននោះ វានឹងធ្វើឲ្យគណបក្សប្រជាធិបតេយ្យ មានសម្លេង៥០កៅអី ដែលជាសម្លេងភាគច្រើនដាច់ខាត ដើម្បីដឹកនាំព្រឹទ្ធសភា នៃសហរដ្ឋអាមេរិក ដែលនឹងផ្ដល់ទម្ងន់នយោបាយដ៏សំខាន់ ដល់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត សម្រាប់ការចាប់ផ្ដើមអាណត្តិរបស់លោក ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ៕