ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធទទួលស្គាល់ បរាជ័យរបស់ខ្លួន និង បដិសេធជ័យជំនះរបស់ ចូ បៃដិន (Joe Biden) បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ។ លោក ត្រាំ បានព្រមានថា ការបោះឆ្នោតមួយនេះ នៅមិនងាយចប់ឡើយ។
តាមលទ្ធផលស្ទាបស្ទង់ មកដល់នាទីនេះ បង្ហាញថា លោក ចូ បៃដេន បានទទួលសម្លេងគាំទ្រ ចំនួន២៩០ នៃអង្គបោះឆ្នោត (អ្នកតំណាងម្ចាស់ឆ្នោត) ទល់នឹង២១៤សម្លេង ដែលទទួលបាន ដោយលោក ដូណាល់ ត្រាំ។
ប្រព័ន្ធបោះឆ្នោតប្រធានាធិបតី តម្រូវឲ្យបេក្ខជន ត្រូវទទួលសន្លឹកឆ្នោត យ៉ាងហោច ២៧០សម្លេង នៃអង្គបោះឆ្នោត (ពីក្នុងចំណោម ៥៣៨អង្គបោះឆ្នោត) ដើម្បីឈ្នះក្លាយជាប្រធានាធិបតី នៃប្រទេសមហាអំណាច។
ប៉ុន្តែលោក ដូណាល់ ត្រាំ បានលើកឡើង ពីការលួចបន្លំសន្លឹកឆ្នោត នៅក្នុងរដ្ឋមួយចំនួន ដែលលោក បៃដិន បានឈ្នះ និងបានប្ដឹងឡើងទៅតុលាការ ដើម្បីទាមទារឲ្យ ពិនិត្យឡើងវិញ អំពីភាពបានការនៃសន្លឹកឆ្នោត និងការរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋទាំងនោះ។ លោកប្រធានាធិបតីចប់អាណត្តិ មិនបានបង្ហាញពី«ភស្ដុតាងរឹង» នៅក្នុងការចោទប្រកាន់របស់លោកទេ។
យ៉ាងណា នៅចំពោះការប្រកាសជ័យជំនះ របស់លោក បៃដិន កាលពីប៉ុន្មាននាទីមុន ដោយប្រព័ន្ធផ្សព្វផ្សាយ លោក ដូណាល់ ត្រាំ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ សរសេរខ្លីៗថា៖
«យើងដឹងថាហេតុអ្វី ចូ បៃដិន ប្រញាប់ប្រញាល ចេញមុខមកទទួលជ័យជម្នះ ទាំងមិនត្រឹមត្រូវ ហើយហេតុអ្វីសម្ព័ន្ធមិត្តរបស់គាត់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ព្យាយាមជាទីបំផុត ក្នុងការជួយឲ្យគាត់ឈ្នះ៖ នោះ គឺពួកគេមិនចង់ ឲ្យការពិតត្រូវបានបើកកកាយ។»
«ការពិតដ៏សាមញ្ញ គឺថាការបោះឆ្នោតនេះ នៅឆ្ងាយពីការបិទបញ្ចប់។»
គួររំឮកឡើងវិញដែរថា លោក ត្រាំ ខ្លួនលោកបានប្រកាស ពីជ័យជំនះរបស់លោក តាំងពីយប់ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា (ថ្ងៃបោះឆ្នោត) ពោលគឺនៅពេលការរាប់សន្លឹកឆ្នោតបានបញ្ជប់ នៅក្នុងរដ្ឋជាច្រើន ដែលបានផ្ដល់ជ័យជំនះ ទៅឲ្យលោក។ នៅយប់នោះ លោក ត្រាំ ទទួលបានការគាំទ្រ ២១៣សម្លេង នៃអង្គបោះឆ្នោត។
ករណីមួយទៀត ដែលគួរបញ្ជាក់ជូនដែរ គឺបណ្ដាញទូរទស្សន៍ «Fox News» ដែលបញ្ចេញលទ្ធផលស្ទាបស្ទង់ ឲ្យជ័យជំនះទៅលោក បៃដិន ដែរនោះ គឺជាប្រព័ន្ធផ្សព្វផ្សាយ«អភិរក្សនិយម» ដែលមានទំនោរ គាំទ្រគណបក្សសាធារណរដ្ឋ (ឬបេក្ខភាពរបស់លោក ដូណាល់ ត្រាំ)៕