ពិភពលោក

សេតវិមាន​បង្ខំចិត្ត​លុបចោល​សន្និសីទកាសែត បន្ទាប់ពី ត្រាំ ឆេះដុំ

សេតវិមានបានបង្ខំចិត្ត លុបចោលសន្និសីទសារព័ត៌មាន ស្ដីពីជំងឺ«Covid-19» បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាន«ឆេះដុំ» ដោយបង្ហោះសារខ្លាំងៗ នៅលើបណ្ដាញសង្គមទ្វីសធើរ ម្ដងហើយម្ដងទៀត ប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ។ សន្និសីទដែលត្រូវគ្រោងធ្វើ នៅវេលាម៉ោង ៥រសៀល ជារៀងរាល់ថ្ងៃ ត្រូវបានលប់ចោល យ៉ាងតក់ក្រហល់ ក្នុងថ្ងៃចន្ទនេះ។

កំហឹងរបស់លោក ដូណាល់ ត្រាំ បានផ្ទុះឡើង នៅចំពោះសង្គ្រាមប៉ាកកា ទាក់ទងនឹងសំដីរបស់លោក ដែលបានថ្លែងពីលទ្ធភាព នៃការប្រើទឹកដុសសំអាតផ្ទះ យកមកចាក់ចូលខ្លួនមនុស្ស ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ «Covid-19»។

កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតី បានបង្ហើបឲ្យដឹងថា លោកនឹងឈប់បង្ហាញខ្លួន នៅចំពោះអ្នកសារព័ត៌មានទៀតហើយ។ លោកសរសេរ នៅលើទំព័រទ្វីសធើរថា៖

«វាគ្មានប្រយោជន៍អ្វី បើធៀបនឹងពេលវេលា និងការខិតខំប្រឹងប្រែង។»

ប៉ុន្តែសន្និសីទសារព័ត៌មាន នៅតែត្រូវបានប្រកាសធ្វើ ដោយមានវត្តមាន របស់លោក ម៉ៃ ផេន (Mike Pence) អនុប្រធានាធិបតី និងវេជ្ជបណ្ឌិតជំនាញ ជាច្រើននាក់ទៀត។

តែនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ លោក ត្រាំ បានបង្ហោះសារ«ឆេះដុំ» ម្ដងហើយម្ដងទៀត លត់ប្រព័ន្ធផ្សព្វផ្សាយ យ៉ាងចាស់ដៃ។ សារមួយ ដែលលោកឧស្សាហ៍បង្ហោះ ជាញយដងនោះ ត្រូវបានលោកសរសេរ លើកនេះ ជាអក្សរធំៗថា៖

«ព័ត៌មានក្លែងក្លាយ ជាសត្រូវរបស់ប្រជាជន!»

បន្ទាប់មក លោក ត្រាំ បន្តព្រលះដល់សារព័ត៌មានទៀតថា៖

«មិនដែលមានទេ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសយើង ប្រព័ន្ធផ្សព្វផ្សាយ ដែលកាចសាហាវ និងពោរពេញដោយអរិភាព ដូចប្រព័ន្ធផ្សព្វផ្សាយ ដែលយើងមានសព្វថ្ងៃ ទាំងក្នុងពេលប្រកាសប្រទេស នៅក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធទល់នឹងសត្រូវ ដែលគ្មានរូបនោះក្ដី៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។