ពិភពលោក

ត្រាំ ផ្ដល់​ភ្លើងខៀវ​ឲ្យ​ផលិត​«កំពូល​កាំជ្រួច» ដែល​លឿន​ជាងគេ​បំផុត

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេច​នៅថ្ងៃ​សុក្រ​នេះ ឲ្យផលិត«កំពូល​កាំជ្រួច» ដែលជាកាំជ្រួចប្រភេទថ្មី លឿនជាងសម្លេង និងលឿនជាង​កាំជ្រួច ដែល​ប្រទេស​រុស្ស៊ី ឬចិន មានសព្វថ្ងៃ។

ការសម្រេច របស់មេដឹកនាំប្រទេស​មហាអំណាច បានបង្ក​ឲ្យមានកង្វល់ អំពីការប្រលង​ប្រណាំង​សព្វាវុធ ដែលនឹងអាចកើតមាន ជាថ្មីទៀត។

ក្នុងឱកាស នៃការ​ដាក់ឲ្យប្រើប្រាស់ អំពីរូបសញ្ញានៃកងកម្លាំងថ្មីមួយ «Space Force» របស់សហរដ្ឋ​អាមេរិក ក្នុងសេតវិមាន លោក ដូណាល់ ត្រាំ បានថ្លែងឡើងថា៖

«ខ្ញុំបានដឹងថា កាំជ្រួចប្រភេទហ្នឹង មានល្បឿន១៧ដង លឿនជាកាំជ្រួច ដែលពួកគេ មាន​សព្វថ្ងៃ។ ដូច្នេះ វាជាកាំជ្រួច ដែលលឿនជាងគេ ជាងអ្វីដែលយើងមាន ក្នុង​ពេលនេះ។»

ប្រទេសរុស្ស៊ី បានប្រកាសកាលពីពេលថ្មីៗនេះ ថាខ្លួននឹងផលិតកាំជ្រួច ដែលមានល្បឿន លឿនបំផុត ហើយមានលទ្ធភាព អាចបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បាន។ កាំជ្រួច​ប្រភេទ​ថ្មី នឹងមាន​ល្បឿន ២០ដង លឿនជាសម្លេងរបស់វា។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានប្រកាសទៀតថា កាំជ្រួចលឿនជាងសម្លេងនេះ នឹងអាចត្រូវ យកមកប្រើប្រាស់ នៅខែធ្នូខាងមុខ។

សម្រាប់ប្រទេសចិនវិញ ក៏បានអភិវឌ្ឍ នៅលើប្រភេទកាំជ្រួច ដែលមានល្បឿន លឿនជាង​សម្លេង នេះដែរ តែគម្រោងនៃការផលិតកាំជ្រួចនោះ ទំនងជាមិនមានល្បឿន ដល់​កាំជ្រួច ដែលប្រទេសរុស្ស៊ីផលិតឡើងទេ។ ប៉ុន្តែបើតាមគម្រោងនោះ កាំជ្រួចថ្មី​របស់ចិន នឹងមានល្បឿន លឿនជាងកាំជ្រួច ដែលសហរដ្ឋអាមេរិក កំពុងមានសព្វថ្ងៃ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។