ពិភពលោក

ត្រាំ បន្ត​វាយប្រហារ ម៉ាកខេន ដែល​ទទួល​មរណភាព តាំងពី​៧ខែ​មុន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានវាយប្រហារជាថ្មី ក្នុងថ្ងៃអាទិត្យកន្លងមកនេះ ទៅលើលោក ចន ម៉ាកខេន (John McCain) ដែលទទួល​មរណភាព​តាំងពី៧ខែមុន។

លោក ត្រាំ បានចោទអតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋដូចរូបលោកដែរ ថាបានទម្លាយក្នុងឆ្នាំ២០១៦ នូវឯកសារដ៏ចម្រូងចម្រាសមួយ ស្ដីពីការចោទប្រកាន់គ្មានភស្ដុតាងជាច្រើន ទៅលើរូបលោក ដែលពេលនោះ ជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស។

ប្រធានាធិបតីអាមេរិក បានប្រើទំព័រទ្វីសធើររបស់លោក ដើម្បីសរសេរឲ្យដឹងថា គឺលោក ចន ម៉ាកខេន បានផ្ញើរ«ឯកសារក្លែងក្លាយ»នោះ ទៅឲ្យផ្នែកស៊ើបអង្កេតសហព័ន្ធ «FBI» និងទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ ដោយសង្ឃឹមថា ឯកសារនោះនឹងត្រូវបានបង្ហាញ នៅមុនការបោះឆ្នោត។

ឯកសារដែលលោក ត្រាំ ចង់សំដៅនោះ ទំនងជាជាឯកសារមួយ ដែលសរសេរឡើង ក្នុងចុងឆ្នាំ២០១៦ ហើយត្រូវបានផ្សព្វផ្សាយ នៅក្នុងសារព័ត៌មានអាមេរិក នៅខែមករា ឆ្នាំ២០១៧។ ឯកសារដែលគេមិនដឹងប្រភពច្បាស់លាស់ បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ រវាងក្រុមការងារឃោសនាបោះឆ្នោត របស់លោក ត្រាំ ជាមួយនឹងប្រទេសរ៉ុស្ស៊ី ដើម្បីឲ្យលោកបានឈ្នះការបោះឆ្នោត។

លោក ត្រាំ បានបន្តសរសេរ នៅលើបណ្ដាញសង្គមទៀតថា៖

«គាត់ (លោក ចន ម៉ាកខេន) និងក្រុមអ្នកនយោបាយ មកពីគណបក្សប្រជាធិបតេយ្យ ដែលឃុបឃិតគ្នានោះ បានបរាជ័យ – ដូចរាល់ដង។ សូម្បីតែក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ ក៏បានបដិសេធគំនរសម្រាម ទាំងនេះដែរ។»

ក្រុមអ្នកគាំទ្រលោក នៅពេលនោះ បានហៅឯកសារដាក់បន្ទុកនោះ ថាជាការរៀបរៀងឡើង ដោយការិយាល័យជំនាញមួយ ដែលផ្ដល់ថវិកាដោយក្រុមការងារឃោសនាបោះឆ្នោត របស់អ្នកស្រី ហ្លីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីគូប្រជែងទលនឹងលោក ត្រាំ។

ការវាយប្រហាររបស់លោក ដូណាល់ ត្រាំ ក្នុងពេលនេះ ទៅលើសពលោក ចន ម៉ាកខេន ដែលបានលាចាកលោក ដោយជំងឺមហារីកនោះ ត្រូវបានក្រុមគ្រួសារលោក ម៉ាកខេន ប្រតិកម្មតបវិញ។

អ្នកស្រី មេហ្គាន ម៉ាកខេន (Meghan McCain) កូនស្រីរបស់លោក ម៉ាកខេន បានផ្ដល់យោបល់ ឲ្យប្រធានាធិបតីក្នុងតំណែង គួរយកឱកាសនៃថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍ ដើម្បីជួបជុំជាមួយក្រុមគ្រួសារខ្លួន ជាជាងមក«បង្ហោះសារនៅលើទ្វីសធើរ» ខ្វល់ខ្វាយពីគ្រួសារបស់អ្នកស្រី។

រវាងលោក ដូណាល់ ត្រាំ និងលោក ចន ម៉ាកខេន ដែលនៅមានជីវិត មិនដែលលាក់លៀម​អំពីអរិភាពចំពោះគ្នា ទៅវិញទៅមកនោះឡើយ។ ក្នុងឆ្នាំ២០១៥ លោកមហាសេដ្ឋី ដែលមិនដែលស្គាល់ ពីការបម្រើផ្នែកយោធាយ៉ាងម៉េចនោះ បានចំអកចំពោះបរមងារ«វីរបុរសសង្គ្រាម»របស់លោក ម៉ាកខេន ជុំវិញការធ្លាក់ខ្លួនជាឈ្លើយសឹក និងរងទារុណកម្ម នៅក្នុងសង្គ្រាមវៀតណាម អស់រយៈពេល៥ឆ្នាំ។

អតីតសមាជិកព្រឹទ្ធសភា ដែលទទួលបានការគោរពស្រឡាញ់ជាទូទៅ នៅក្នុងមជ្ឈដ្ឋាននយោបាយអាមេរិក បានដកការគាំទ្រចេញពីលោក ត្រាំ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវ នៃការរើសអើងផ្លូវភេទ របស់បេក្ខជនមកគណបក្សសាធារណរដ្ឋរូបនេះ ខណៈយុទ្ធនាការឃោសនាបោះឆ្នោត កំពុងប្រព្រឹត្តិទៅ។

លោក ចន ម៉ាកខេន បានទទួលមរណភាព នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ដោយជំងឺមហារីកខួរក្បាល។ លោកបានឲ្យដឹង នៅមុនមរណភាពថា លោកមិនចង់ឲ្យប្រធានាធិបតីទី៤៥បច្ចុប្បន្ន នៃសហរដ្ឋអាមេរិក ចូលរួមក្នុងពិធីបុណ្យសពលោកទេ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។