ជាទិដ្ឋភាពដែលក្រុមប្រទេសនានា នៅបស្ចឹមលោក កំពុងទន្ទឹងរង់ចាំ។ ពលរដ្ឋអ៊ីស្ត្រាអែល កំពុងមានជីវិត វិលត្រឡប់ទៅ«ធម្មតា»វិញ បន្ទាប់ពួកគេប្រមាណជាង៦០ភាគរយ ទទួលបានភាពស៊ាំនឹងមេរោគ ក្រោយពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19) រួច។
រូបភាពដែលបង្ហោះតៗគ្នា នៅលើបណ្ដាញសង្គមទ្វីសធើរ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ហាញឲ្យឃើញបណ្ដាជនក្មេងៗ កំពុងជួបជុំគ្នាផឹកស៊ី និងច្រៀងរាំ យ៉ាងសប្បាយរីករាយ នៅតាមដងផ្លូវមួយ នៃរដ្ឋធានីតែលអាវីវ។ ពួកគេទាំងនោះ មិនមាននរណាម្នាក់ពាក់ម៉ាស់ទេ។
នៅក្នុងប្រទេសនេះ យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋ ទទួលបានសន្ទុះលឿនទៅមុខ ហើយចំនួនអ្នកឆ្លងជំងឺ ក៏បានថយចុះជាបន្តបន្ទាប់ដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល លោក ប៊េនចាមុាំង នេតាំងយ៉ាហ៊ូ (Benjamin Netanyahu) ដែលគ្មានបំណង់រារាំង ការជួបជុំរបស់ពលរដ្ឋ នៅក្នុងពិធីបុណ្យ«Pessa’h» របស់សាសនាជីហ្វនោះ ត្រូវបានស្រង់សំដី កាលពីថ្ងៃទី៨ ខែមីនា មកបញ្ជាក់ថា៖
«ប្រទេសអ៊ីស្ត្រាអែល ជាជើងឯកពិភពលោក។ មិនត្រឹមតែជើងឯក ទាក់ទងនឹងការចាក់វ៉ាក់សាំងប៉ុណ្ណោះទេ តែប្រទេសអ៊ីស្ត្រាអែល បានក្លាយជាប្រទេសដំបូងគេ ដែលបានចេញពីវិបត្តិកូវីដ និងកំពុងបើកសេដ្ឋកិច្ច ឲ្យមានដំណើរការឡើងវិញ។»
តាំងពី១០ថ្ងៃមកហើយ ភោជនីយដ្ឋាន រោងភាពយន្ដ រោងល្ខោន ឬមហោស្រពប្រគុំតន្ត្រី ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ។ បើតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រង្គសាលរាត្រីនានា ក៏អាចបើកទ្វាបាន ចាប់ពីចុងសប្ដាហ៍នេះតទៅដែរ។
ពលរដ្ឋអ៊ីស្ត្រាអែល អាចធ្វើដំណើរបានដោយសេរី និងអាចក្រេបជញ្ជក់ យកនូវសេរីភាពថ្មីថ្មោងនេះ ក្រោមលក្ខខណ្ឌមួយ៖ ត្រូវមានលិខិតបញ្ជាក់ពណ៌បៃតង ឬហៅថា «Green Passeport» ដែលពួកគេអាចទទួលបាន បន្ទាប់ពីពួកគេទទួលវ៉ាក់សាំងដូសទី២រួចរាល់។ មកដល់ថ្ងៃនេះ «លិខិតបញ្ជាក់ពណ៌បៃតង» ត្រូវបានចេញជូនពលរដ្ឋ ប្រមាណជា៤លាននាក់រួចហើយ៕