ពិភពលោក

បាញ់ប្រហារ​នៅ​«តិចសាស់» ស្លាប់របួស​ច្រើន​នាក់ និង​ចាប់ខ្លួន​បាន​១នាក់

មជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៃក្រុង «El Paso» ក្នុងរដ្ឋ«តិចសាស់» សហរដ្ឋអាមេរិក បានរងការបាញ់ប្រហារ ដោយខ្មាន់កាំភ្លើងម្នាក់ នាំល្ងាចថ្ងៃសៅរ៍នេះ។ សម្រាប់តុល្យភាពបណ្ដោះអាសន្ន អាជ្ញាធរបានលើកឡើង ពីមនុស្សស្លាប់និងរបួសច្រើននាក់ ហើយជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។

អភិបាលរងរដ្ឋតិចសាស់ លោក «Dan Patrick» បានថ្លែងតាមទូរទស្សន៍ «Fox News» ថា មានជនរងគ្រោះ រវាងពី១៥ ទៅ២០នាក់ តែនៅមិនទាន់ដឹងថា មានចំនួនមនុស្សស្លាប់ប៉ុន្មាននាក់ទេ។  

ចំណែកចៅហ្វាយក្រុង «El Paso» លោក «Dee Margo» បានថ្លែងតាមទូរទស្សន៍ «CNN» ទទួលស្គាល់ថា មានមនុស្សស្លាប់ច្រើននាក់ និងបានបញ្ជាក់បន្ថែមថា ជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួន។ តែនៅទីបំផុត មានតែជនសង្ស័យម្នាក់ទេ ដែលត្រូវអាជ្ញាធរចាប់ឃុំខ្លួន។

មុននេះបន្តិច ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងតាមបណ្ដាញសង្គមទ្វីសធើរថា៖

«ព័ត៌មានដែលទើបធ្លាក់មកដល់ មានលក្ខណៈអាក្រក់ណាស់។ មានមនុស្សជាច្រើន បានស្លាប់។»

សារព័ត៌មានក្នុងតំបន់ បានរាយការណ៍ថា ការបាញ់ប្រហារនោះ បានកើតឡើង នៅក្នុងផ្សារទំនើប «Walmart»។

ទូរទស្សន៍ប្រចាំតំបន់ ឈ្មោះ «KTSM» បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន នូវរូបថតមួយចំនួន ដែលដូចជាបានបង្ហាញ ពីភិនភាគជនសង្ស័យ ដែលត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព របស់ផ្សារទំនើប។ ជននោះជាជនជាតិស្បែកស មានពាក់វែនតា ស្លៀកខោគគី និងអាវយឺតព័ណ៌ក្រម៉ៅ ដោយមានកាន់នៅនឹងដៃ នូវឧបករណ៍ម្យ៉ាង ដែលដូចជាកាំភ្លើងវែង។

ស្ត្រីម្នាក់ ដែលហៀបចូលទិញទំនិញ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ ត្រូវបានស្រង់សំដីមកបញ្ជាក់ថា នៅពេលគាត់កំពុងរកកន្លែងចតរថយន្ដ គាត់បានឮសូរការផ្ទុះអាវុធ ខ្លាំងៗ ដូចស្នូរផ្ទុះកាំជ្រួចជ្វាលា។ ស្ត្រីរូបនេះ បានបន្តថា៖

«ខ្ញុំឃើញបុរសម្នាក់ពាក់អាវយឺតខ្មៅ និងខោគគីក្រឡេក្រឡា ហើយប្រដាប់ដោយឧបករណ៍ម្យ៉ាង ដែលដូចជាកាំភ្លើងវែង។ បុរសនេះបានដើរសំដៅហ្វូងមនុស្ស និងបានបាញ់ទៅរកពួកគេ។ ខ្ញុំបានឃើញមនុស្ស៣ ឬ៤នាក់ បានដួលនៅលើដី៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។